បិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០២៤ និងបន្តបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៥-២០២៦ នៃសាកលវិទ្យាល័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០២៤ និងបន្តបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៥-២០២៦ នៃសាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងអនុសាសន៍ណែនាំដោយផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានអនុញ្ញាតឱ្យសាកលវិទ្យាល័យការពារជាតិ បាន និងកំពុងអនុវត្តន៍កំណែទម្រង់លើការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន និស្សិត និងសិក្ខាកាមក្នុងការសិក្សា ដើម្បីលើកកម្ពស់វិស័យការពារជាតិ ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ «ធានាប្រសិទ្ធភាព សមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់»។ ម៉្យាងវិញទៀតដោយសាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សា របស់ក្រសួងការពារជាតិ ដែលសិក្សាលើផ្នែក នៃការវិភាគស្ថានការណ៍សន្តិសុខ ការវាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិទាំងប្រពៃណី និងមិនប្រពៃណី ការធ្វើកំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ លើឆាកអន្តរជាតិ តាមរយៈនៃការសិក្សាផ្នែកវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត ភាសាបរទេស ជូនដល់កងយោធពលខេមរភូមិន្ទ និងភាសាខ្មែរជូនដល់និស្សិតយោធាបរទេសផងដែរ។

ឧត្តមសេនីយ៍ឯក ដោក សុផា បានឱ្យដឹងទៀតថា វគ្គសិក្សាឆ្នាំ២០២៤-២០២៥កន្លងមក សាកលវិទ្យាល័យការពារជាតិបានអនុវត្តការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នបានចំនួន១៩វគ្គ ដែលមាននិស្សិត និងសិក្ខាកាម ជាតិ និងអន្តរជាតិសរុប ចំនួន១.០១០នាក់ និងវគ្គបន្តសម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន០៩វគ្គ ដែលមាននិស្សិត និងសិក្ខាកាមចំនួន២៤២នាក់ និងវគ្គថ្មីចំនួន១៣វគ្គ ដែលមាននិស្សិត និងសិក្ខាកាម ចំនួន៦៩៣នាក់ ក្នុងនោះនិស្សិតយោធាបរទេស មានចំនួន១០៣នាក់ ដែលមានមកពី៥ ប្រទេស គឺប្រទេសវៀតណាមចំនួន៦០នាក់ ប្រទេសឡាវចំនួន២០នាក់ ប្រទេសថៃចំនួន៨នាក់ សហភាពមីយ៉ាន់ម៉ា ចំនួន១៣នាក់ និងប្រទេសចិនចំនួន០២នាក់។ ចំពោះលទ្ធផលនិស្សិត និងសិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៤កន្លងមកបានប្រឡងបញ្ចប់វគ្គនៅសាកលវិទ្យាល័យការពារជាតិចំនួន១០វគ្គ ដែលមាននិស្សិត និងសិក្ខាកាមសរុបចំនួន៧៩៦នាក់ ដែលទទួលបាន៖ និទ្ទេសល្អប្រសើរ ៥៧នាក់ ស្មើ៩% ល្អណាស់ ១០០នាក់ ស្មើ១៤% ល្អ ៩២នាក់ ស្មើ១៣% ល្អបង្គួរ ១៦៨នាក់ ស្មើ២៤% មធ្យម ២៣៥នាក់ ស្មើ៣៣% និងខ្សោយ(ធ្លាក់) ៥២នាក់ ស្មើ៧%។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវិត្ត កម្មឌីជីថលជាគន្លឹះ ដែលជាមធ្យោបាយដ៏សំខាន់នៃការសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ចំពោះវិស័យការពារជាតិ រាជរដ្ឋាភិបាលបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់កសាង បណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍសម្ភារ បច្ចេកទេស យុទ្ធោបករណ៍ ភស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ព ឱ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធាក្នុងតំបន់ និងពិភពលោក នៅក្នុងរយៈពេលមធ្យម និងវែង សំដៅលើកកម្ពស់ប្រសិទ្ធភាពការងាររបស់គ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ។ ការរីកចម្រើន និងអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃប្រទេសជាតិមួយ ក៏ត្រូវមានសមាសធាតុផ្សំជាច្រើន ក្នុងនោះកត្តាធនធានមនុស្សជាសមាសធាតុដ៏សំខាន់មួយក្នុងចំណោមសមាសធាតុផ្សំដទៃទៀត។ ក្នុងន័យនេះ ភាពខ្លាំងក្លា រឹងមាំរបស់កងទ័ព ទាមទារឱ្យមានការធ្វើទំនើបកម្ម ទាំងផ្នែកទន់ និងរឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងទ័ព អាវុធយុទ្ធភណ្ឌ សមត្ថភាពយោធិន មានឆន្ទៈមោះមុត ស្នេហាជាតិ មាតុភូមិ មានសាមគ្គីភាព និងយល់ដឹងទូលំទូលាយជាលក្ខណៈសកល។ ឈរលើសភាពការណ៍ពិភពលោក កំពុងឆ្លងកាត់ដំណាក់កាលប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា ស្មុគស្មាញ ពិបាកប៉ាន់ស្មានដូចនៅពេលនេះ គ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ពិសេសបណ្តាសាលា មានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ ដែលជាមជ្ឈមណ្ឌលតម្រង់ទិសទស្សនទាននយោបាយការពារជាតិ។ ការណ៍នេះទាមទារឱ្យថ្នាក់ដឹកនាំ យោធាចារ្យ យកចិត្តទុកដាក់សិក្សា ស្រាវជ្រាវ ប្រមែប្រមូលព័ត៌មានទាក់ទងទៅនឹងវិស័យការពារជាតិ យុទ្ធវិធី យុទ្ធសាស្ត្រ សម្រាប់បំប៉ន និងបណ្តុះបណ្តាល នាយទាហាន នាយទាហានរង និស្សិត សិក្ខាកាមតាមសេចក្តីត្រូវការរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ។
ដើម្បីធានាបាននូវការសម្រេចភារកិច្ចស្នូល ក្នុងការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នយោធិនឱ្យកាន់តែមានសមត្ថភាព នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ សកលវិទ្យាល័យការពារជាតិ បណ្តាសាលា វិទ្យាស្ថាន មជ្ឈមណ្ឌលហ្វឹកហ្វឺន ចំណុះក្រសួង និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងសិស្ស និស្សិត៖ ទី១. បន្តយកចិត្តទុកដាក់កែសម្រួល កម្មវិធីសិក្សា ចងក្រងធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀនបង្រៀនគ្រប់មុខវិជ្ជាឱ្យស្របទៅតាមផែនការហ្វឹកហ្វឺន និងបណ្តុះបណ្តាលរបស់គណៈកម្មការដឹកនាំការងារហ្វឹកហ្វឺនកង យោធពលខេមរភូមិន្ទ គោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ត្រូវធ្វើទំនើបកម្មកម្មវិធី សិក្សាតាមរយៈការបង្កើនការប្រើបច្ចេកវិទ្យាឌីជីថលក្នុងកម្មវិធីសិក្សា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់កងយោធពលខេមរភូមិន្ទ ក្នុងកាលៈទេសៈថ្មី។ ទី២. បន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធទន់-រឹង សម្រាប់បម្រើឱ្យការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នយោធិន ដោយផ្តោតលើសមត្ថភាព ជំនាញ ចំណេះដឹង សីលធម៌ អត្តចរិក ភាពអង់អាក្លាហាន និងមនសិការស្នេហាជាតិ។ និងទី៣. ត្រូវបន្តពង្រឹងសមត្ថភាពយោធាចារ្យ និងឯកសារបង្រៀនគ្រប់ជំនាញ គ្រប់មុខវិជ្ជា ឱ្យមានគុណភាព៕
ដោយ សំ សាម៉ន





