លោក ឡាវរ៉ូវ និងលោក រូប៊ីអូ ផ្លាស់ប្តូរទស្សនៈគ្នាស្តីពីទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio)។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា «ភាគីនានាបានបន្តការផ្លាស់ប្តូរទស្សនៈគ្នាប្រកបដោយផ្លែផ្កាទៅលើទិដ្ឋភាពសំខាន់ៗនៃកិច្ចសន្ទនានយោបាយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ»។
អ្នកការទូតកំពូលរុស្ស៊ី និងសហរដ្ឋអាមេរិកបានព្រមព្រៀងរក្សាទំនាក់ទំនងគ្រប់កម្រិត។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងបេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ដែលជាជំនួបលើកទីបួនរបស់ពួកគេនៅក្នុងឆ្នាំនេះ។ យោងតាមជំនួយការវិមានក្រឹមឡាំង លោក យូរី អ៊ូស្សាកូវ (Yury Ushakov) បានឱ្យដឹងថា កិច្ចសន្ទនាដែលមានរយៈពេលបីម៉ោងនោះ គឺប្រកបដោយការស្ថាបនា និងមានប្រយោជន៍ខ្លាំងណាស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





