ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើយេម៉ែនសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ -- ទូរទស្សន៍អាល់ ម៉ាស៊ីរ៉ា របស់ប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី មកពីចលនាអាន់សារ អាល់ឡា បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើរដ្ឋធានីសាណាអា (Sanaa) របស់ប្រទេសយេម៉ែន។
យោងតាមការផ្សាយរបស់ទូរទស្សន៍នោះបានឱ្យដឹងថា អគារលំនៅដ្ឋានចំនួន៣ បានរងការវាយប្រហារ ហើយស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់។ ទូរទស្សន៍នោះមិនបានបញ្ជាក់អំពីចំនួនអ្នករបួសដោយសារការវាយប្រហារនោះទេ។
បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងឆ្នាំ២០២៣ មក ក្រុមហ៊ូធីបានព្រមានថា ពួកគេនឹងវាយប្រហារទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែលមិនឱ្យឆ្លងកាត់ដែនទឹកនៃសមុទ្រក្រហម និងច្រកសមុទ្រ Bab-el-Mandeb។ ការវាយប្រហាររបស់ក្រុមហ៊ូធី ត្រូវបានបញ្ឈប់បន្ទាប់ពីមានបទឈប់បាញ់គ្នាត្រូវបានប្រកាសនៅតំបន់ហ្គាហ្សាកាលពីពាក់កណ្តាលខែមករា ប៉ុន្តែបន្ទាប់ពីបទឈប់បាញ់នោះត្រូវបានដកចេញនៅដើមខែមីនា ពួកឧទ្ទាមបានប្រកាសបន្តការវាយប្រហារលើនាវាអ៊ីស្រាអែលនៅសមុទ្រក្រហម ហើយក៏បានចាប់ផ្តើមព្យាយាមធ្វើការវាយប្រហារដោយគ្រាប់មីស៊ីលទៅលើគោលដៅនានាក្នុងប្រទេសអ៊ីស្រាអែល។
កាលពីថ្ងៃទី១៥ ខែមីនា សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់ក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន ដោយផ្អែកលើបទបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារនោះមានគោលដៅដើម្បីការពារផលប្រយោជន៍របស់អាម៉េរិក និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





