មន្ទីរពេទ្យបង្អែកអង្គស្នួលបើកឱ្យដំណើរការបន្ទប់ព្យាបាលចលនា
AKP កណ្ដាល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥-- នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបើកឱ្យដំណើរការបន្ទប់ព្យាបាលចលនានៃមន្ទីរពេទ្យបង្អែកអង្គស្នួល ក្រោមជំនួយឧបត្ថម្ភពីអង្គការ KOICA CAMBODIA ក្រោមអធិបតីភាពឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីបើកឱ្យដំណើរការនេះដែរ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការបើកបន្ទប់ព្យាបាលដោយចលនានេះ គឺជាសមិទ្ធផលដ៏មានតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការសង្គមស៊ីវិលកូរ៉េ សមាគមកូរ៉េសម្រាប់ការស្តារនីតិសម្បទាជនពិការ និងរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលកម្ពុជា-កូរ៉េ ដើម្បីអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅក្នុងខេត្តកណ្តាល និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។ ការបង្កើតកន្លែងសម្រាប់បន្ទប់ព្យាបាលកាយសម្បទា តាមរយៈសម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលសម្រាប់បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល នៅគឺជាការចាក់គ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រព័ន្ធសុខភាពមូលដ្ឋានស្រុកអង្គស្នួល។ ហើយរដ្ឋាភិបាលកូរ៉េ បាននឹងកំពុងអនុវត្តគម្រោងផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតំបន់ជនបទ និងតំបន់ក្រីក្រ ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធវេជ្ជសាស្ត្ររបស់កម្ពុជា បន្ថែមពីលើគម្រោងទាក់ទងនឹងមន្ទីរពេទ្យជាតិនៅតាមទីក្រុងធំៗ។ នៅពេលអនាគត រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា និងពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្រសាធារណៈផងដែរ។

ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភសម្ភារបច្ចេកទេស សម្រាប់ស្ដារកាយសម្បទា ជនមានពិការភាព ព្រមទាំងបានផ្ដល់នូវក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ និងបច្ចេកទេស ក្នុងការបណ្ដុះបណ្ដាលដល់គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលនាឱកាសនេះ ដែលនេះគឺជាទឹកចិត្តដ៏សប្បុរស មិនអាចកាត់ថ្លៃបាន របស់រដ្ឋាភិបាលកូរ៉េ ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។ សព្វថ្ងៃនេះជនមានពិការភាពមានកំណើនកើនឡើងជាបន្តបន្ទាប់ ដោយពិការភាពទាំងនេះបណ្ដាលមកពីកំណើត ជំងឺ គ្រោះថ្នាក់ផ្សេងៗ និងខ្លះទៀតបណ្ដាលមកពីសង្គ្រាម។ កម្ពុជាបានបញ្ចប់សង្គ្រាម ហើយជាប្រទេសដែលគ្មានអ្វីទាំងអស់ ដូចនេះការអភិវឌ្ឍមានការយឺតយ៉ាវជាងប្រទេសដទៃទៀត ដូចនេះការគិតគូចំពោះជនមានពិការភាពនៅមានការខ្វះខាត ហើយការជួយឧបត្ថម្ភសម្រាប់ព្យាបាលដែលអាចជួយស្ដារ និងព្យាបាលដល់ជនមានពិការភាពនៅស្រុកអង្គស្នួល ពិតមានសារៈសំខាន់ណាស់ ក្នុងការរួមអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាខេត្តកណ្ដាលទាំងមូល។ មន្ទីរពេទ្យបង្អែក

ស្រុកអង្គស្នួលត្រូវពង្រឹង និងពង្រីកនូវសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើឡើង ក្នុងការស្ដារនីតិសម្បទារបស់ជនមានពិការភាព ត្រូវសហការជាមួយគ្នាឱ្យបានល្អ ជាមួយក្រុមការងារ ពិសេសក្រុមគ្រូពេទ្យដែលបានមកបង្រៀន ដោយត្រូវរៀនសូត្រទាំងជំនាញមន្ទីរពេទ្យ ថែរក្សាសម្ភាឱ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំងអស់គ្នា ហើយត្រូវធ្វើម្ចាស់ការលើខ្លួនឯង នៅពេលជំនួយនេះត្រូវបានបញ្ចប់។ អាជ្ញាធរមូលដ្ឋានត្រូវផ្ដល់កិច្ចសហការទាំងស្មារតី សុវត្ថិភាព សន្តិសុខ ឱ្យបានល្អនៅពេលដែលក្រុមការងារចុះនៅក្នុងមូលដ្ឋាន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





