ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយគ្មានការដកថយ
AKP កំពង់ធំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ដែលមានភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតាមបណ្ដាគោលដៅនីមួយៗ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ដើម្បីធ្វើយ៉ាងណាការពារឱ្យបាននូវដីព្រៃឈើរបស់រដ្ឋនិងមច្ឆជាតិ សម្រាប់បម្រើឱ្យប្រជាជននិងសង្គមជាតិទាំងមូល។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បញ្ជាដូចនេះ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញភារកិច្ចជាស្នូលជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ។ ការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិមកដល់ពេលនេះ ត្រូវបានកងកម្លាំងចម្រុះការពារទប់ស្កាត់បានទាំងស្រុង មិនឱ្យកើតមានឡើងជាថ្មី។ ជាមួយនោះដែរ កងកម្លាំងចម្រុះរបស់យើងបានគ្រប់គ្រង ការពារផ្ទៃដី ដែលបានរកឃើញពីក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ជាង៣៥០០ហិកតាមិនឱ្យមានការបាត់បង់ទៅវិញ។ ទន្ទឹមនឹងនេះ កងទ័ពនៅខេត្តកំពង់ធំ ក៏បានចូលរួមដាំស្ដារព្រៃឈើឡើងវិញបានជាង៥ម៉ឺនដើមផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗនៃការបង្ក្រាបបទល្មើសនេសាទ ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី ពិសេសនៅតំបន់បឹងទន្លេសាប ដោយបានបង្ក្រាបនូវរាល់ឧបករណ៍ល្មើសនេសាទខុសច្បាប់ បានជាច្រើនករណី និងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែងធ្ងន់ធ្ងរ បញ្ជូនទៅស្ថាប័នជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់បានមួយចំនួន។ បច្ចុប្បន្នកងកម្លាំងយើងកំពុងបន្តគ្រប់គ្រងទប់ស្កាត់មិនឱ្យមានកើតឡើងនូវបទល្មើសជាថ្មីទៀត នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយគ្មានការដកថយឡើយ៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





