រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការងារយេនឌ័រ ការងារក្មេងស្រី និងការងារទប់ស្កាត់អាពាហ៍ពិពាហ៍ នៅវ័យក្មេង មិនមែនជាការងាររបស់វិស័យណាមួយតែឯកឯងឡើយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា ការងារយេនឌ័រ ការងារក្មេងស្រី និងការងារទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាការងាររបស់វិស័យណាមួយតែឯកឯងឡើយ ប៉ុន្តែជាបេសកកម្មរួមរបស់រាជរដ្ឋាភិបាល ស្ថាប័នសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ គ្រួសារ សាលារៀន សហគមន៍ អង្គការដៃគូ វិស័យឯកជន និងសង្គមទាំងមូល។

ថ្លែងបើកសិក្ខាសាលាស្តីពី “ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់” ក្នុងគោលបំណងផ្សព្វផ្សាយជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិអំពីផលប៉ះពាល់ ជាពិសេសកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ដែលកើតចេញពីការបង្ខិតបង្ខំ និងអាចឈានដល់ការរាំងស្ទះការអភិវឌ្ឍចំណេះដឹងរបស់ស្ត្រីនៅក្នុងសង្គម ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាបញ្ហាឯកជនរបស់គ្រួសារមួយប៉ុណ្ណោះទេ វាជាបញ្ហានៃសិទ្ធិមនុស្ស សុខភាពសាធារណៈ ការអប់រំ សេដ្ឋកិច្ច សមភាពយេនឌ័រ និងអនាគតនៃធនធានមនុស្សរបស់ជាតិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្មេងស្រីម្នាក់ដែលត្រូវបានបញ្ឈប់ការសិក្សាដោយសារតែអាពាហ៍ពិពាហ៍មុនវ័យ គឺជាសក្តានុពលមួយដែលគ្រួសារ សហគមន៍ និងសង្គមជាតិបានបាត់បង់។ ដូច្នេះការការពារក្មេងស្រីនៅថ្ងៃនេះ គឺជាការការពារអនាគតគ្រួសារ សហគមន៍ និងប្រទេសជាតិនៅថ្ងៃស្អែក ដោយយើងត្រូវមើលបញ្ហានេះឱ្យឆ្ងាយជាងរឿងអាពាហ៍ពិពាហ៍មួយគូ ឬក៏ការសម្រចចិត្តរបស់គ្រួសារមួយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នៅពេលដែលក្មេងស្រីម្នាក់បាត់បង់ឱកាសសិក្សា គឺសង្គមជាតិបាត់បង់ធន ធានមនុស្សម្នាក់។ នៅពេលក្មេងស្រីម្នាក់ប្រឈមនឹងការមានផ្ទៃពោះនៅវ័យក្មេង គ្រួសារ និងសហគមន៍ ក៏ប្រឈមនឹងហានិភ័យខាងផ្នែកសុខភាព សេដ្ឋកិច្ច និងសង្គមផងដែរ។ ដូច្នេះការទប់ស្កាត់អាពាហ៍ ពិពាហ៍នៅវ័យក្មេង គឺមិនមែនជាការរារាំងប្រពៃណីដ៏ល្អផូរផង់របស់សង្គមជាតិយើងនោះទេ ប៉ុន្តែវាជាការកាពារអនាគត ការពារសេចក្តីថ្លៃថ្នូរ និងការពារសមត្ថភាពរបស់ក្មេងស្រីឱ្យរីកចម្រើនពេញលេញ។

ឯកឧត្តមបានបន្ថែមថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ គឺជាបញ្ហា សាកល ដែលត្រូវបានអង្គការសហប្រជាជាតិលើកយកមកធ្វើជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស និងមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដោយអង្គការពិភពលោកមួយនេះបានចាត់ទុកការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងថាជាការរំលោភសិទ្ធិមនុស្សរបស់ក្មេងស្រី និងស្ត្រីវ័យជំទង់ ដែលរារាំងដល់ការប្រើប្រាស់សិទ្ធិ ការអភិវឌ្ឍសមត្ថភាព ការចូលរួមសង្គម និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ថែមទៀតផង។ ក្នុងន័យនេះអង្គការសហប្រជាជាតិបានកំណត់យ៉ាងច្បាស់នូវតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋជាសមាជិកក៏ដូចជាអ្នកពាក់ព័ន្ធសំខាន់ៗក្នុងការចូលរួមទប់ស្កាត់ និងបញ្ឈប់ការរៀបអាពា ហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ដោយផ្តោតលើការការពារ ការលើកកម្ពស់ និងការធានាខាងផ្នែកសិទ្ធិមនុស្សរបស់ក្មេងស្រី ស្ត្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ដែលបានរៀបការរួច។

បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា នៅលើពិភពលោកគឺមានក្មេងស្រីប្រមាណជា ៦៤០លាននាក់ដែលបានរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ហើយក្នុងចំណោមនេះស្ទើរពាក់កណ្តាលនៃកូនក្រមុំមានវ័យក្មេងគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងប្រមាណជា ៤៥% ស្មើនឹងប្រមាណ ២៩០លាននាក់ បន្ទាប់មកនៅអនុតំបន់សាហារ៉ាអាហ្វ្រិកមានប្រមាណ ២០% ស្មើនឹងប្រមាណ ១២៧លាននាក់ និងនៅអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកមានប្រមាណ ១៥% ស្មើនឹងប្រមាណ ៩៥លាននាក់ ខណៈដែលនៅប្រទេសកម្ពុជាបញ្ហានេះក៏នៅតែជាបញ្ហសង្គមមួយដែលត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ហើយបើតាមយោងតាមលទ្ធផលនៃការសង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២២ បានបង្ហាញថាមានស្ត្រី ១.៨% បានរៀបអាពាហ៍ពិពាហ៍នៅមុនអាយុ ១៥ឆ្នាំ មានស្ត្រី ១៧.៩ % បានរៀបអាពាហ៍ពិពាហ៍នៅមុនអាយុ ១៨ឆ្នាំ និងមានបុរស ៦% បានរៀបការនៅមុនអាយុ ១៨ឆ្នាំ៕
ដោយ៖ ចាន់ សុភឿន , រូបថត៖ សួស សាវី





