ឧត្តមសេនីយ៍កំពូលរុស្ស៊ីបញ្ជាក់ពីការបញ្ជូនទាហានកូរ៉េខាងជើងទៅធ្វើសង្រ្គាមជាមួយអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- ឧត្តមសេនីយកំពូលរបស់រុស្ស៊ីបានបញ្ជាក់ជាលើកដំបូងថា ទាហានកូរ៉េខាងជើងបានប្រយុទ្ធក្នុងសង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ។
លោក វ៉ាឡេរី ចេរ៉ាស៊ីម៉ូវ (Valery Gerasimov) ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការបញ្ជាក់អំពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនៅក្នុងសន្និសីទវីដេអូមួយជាមួយលោក ពូទីនដោយលោកបានកត់សម្គាល់ថា កងទ័ពកូរ៉េខាងជើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះតំបន់ព្រំដែនឃឺស។
លោក ចេរ៉ាស៊ីម៉ូវ បាននិយាយនៅក្នុងសន្និសីទវីដេអូដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងថា «ខ្ញុំចង់ចង្អុលបង្ហាញពីការចូលរួមរបស់ទាហានមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងការរំដោះតំបន់ព្រំដែននៃតំបន់ឃឺស ដែលអនុលោមតាមសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសរបស់យើង ដោយបានផ្តល់ជំនួយយ៉ាងសំខាន់ក្នុងការកម្ចាត់ក្រុមឈ្លានពាននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។
លោកបាននិយាយថា «ទាហាន និងនាយទាហាននៃកងទ័ពប្រជាជនកូរ៉េដែលបំពេញបេសកកម្មប្រយុទ្ធជាមួយទាហានរុស្ស៊ីបានបង្ហាញនូវវិជ្ជាជីវៈខ្ពស់ ភាពរឹងមាំ ភាពក្លាហាន និងវីរភាពក្នុងការទប់ទល់នឹងការឈ្លានពានរបស់អ៊ុយក្រែន»។
ប្រទេសកូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាបានបញ្ជូនទាហានប្រហែល ១៤.០០០ នាក់ទៅប្រយុទ្ធក្នុងសង្រ្គាមចាប់តាំងពីខែតុលាឆ្នាំមុនដើម្បីគាំទ្រការឈ្លានពានរបស់ទីក្រុងម៉ូស្គូ រួមទាំងការពង្រឹងទាហានប្រហែល ៣.០០០នាក់ក្នុងឆ្នាំនេះ។ នេះបើយោងតាមមន្ត្រីកូរ៉េខាងត្បូង។
លោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីខែមិថុនាឆ្នាំមុន ដែលក្នុងនោះពួកគេបានប្តេជ្ញាផ្តល់ការគាំទ្រផ្នែកយោធា «ដោយគ្មានការពន្យាពេល» នៅក្នុងព្រឹត្តិការណ៍ដែលពួកគេទាំងពីរទទួលរងនូវការវាយប្រហារ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





