ទាហានអ៊ីស្រាអែល ២នាក់បានស្លាប់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកដែលចេញដោយកងកម្លាំងការពារអ៊ីស្រាអែលនិងប៉ូលីសអ៊ីស្រាអែល បានឱ្យដឹងថា ទាហានអ៊ីស្រាអែលពីរនាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង។
អ្នកទាំងពីរមានឈ្មោះ លោក អ៊ីដូ វូឡូច (Ido Voloch) អាយុ ២១ឆ្នាំជាមន្ត្រីកងទ័ពរថពាសដែក និងជាមេបញ្ជាការកងអនុសេនាតូច និងលោកនេតា យីតហ្សាក កាហាណា (Neta Yitzhak Kahana) អាយុ ១៩ឆ្នាំ ជាមន្ត្រីសម្ងាត់ប្រចាំនៅព្រំដែន។
សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា កងកម្លាំងស្ទាក់ចាប់របស់ប៉ូលីសព្រំដែនបានជួបក្រុមសកម្មប្រយុទ្ធនៅក្នុងសង្កាត់សាចៃយ៉ាហ៍ ភាគខាងកើតតំបន់ហ្គាហ្សា ហើយលោក កាហាណា ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធបន្តបន្ទាប់។
យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រហែល ១៥នាទីក្រោយមកក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ ក្រុមសកម្មប្រយុទ្ធបានបាញ់រ៉ុក្កែតRPG ទៅកាន់កងកម្លាំងជំនួយដែលបណ្តាលឱ្យទាហានអ៊ីស្រាអែលម្នាក់រងរបួសស្រាល។
ប្រហែលមួយម៉ោងក្រោយមក ក្រុមសកម្មប្រយុទ្ធបានបាញ់ RPG ទៅលើរថក្រោះអ៊ីស្រាអែលនៅសង្កាត់សាចៃយ៉ាហ៍ ក្នុងអំឡុងពេលដែលលោក វូឡូច ត្រូវបានសម្លាប់ ហើយទាហានម្នាក់ទៀតបានរងរបួសស្រាល។
សារព័ត៌មានបានបន្ថែមថា នៅក្នុងជំរុំជនភៀសខ្លួន Tel al-Sultan ក្នុងទីក្រុងរ៉ាហ្វាហ៍ ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប យុទ្ធជនរថពាសដែកអ៊ីស្រាអែល ៤នាក់បានរងរបួស ម្នាក់រងរបួសធ្ងន់ និងមធ្យម ៣នាក់ដោយសារគ្រឿងផ្ទុះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





