ពាណិជ្ជកម្មរវាងអ៊ូសបេគីស្ថាន និងអាស៊ែបៃហ្សង់ កើនឡើង ២០% ចាប់តាំងពីដើមឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- សេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ូសបេគីស្ថាន បានប្រកាសថា ចំណូលពាណិជ្ជកម្មរវាងប្រទេសអ៊ូសបេគីស្ថាន និងអាស៊ែបៃហ្សង់ បានកើនឡើង ២០% ចាប់តាំងពីដើមឆ្នាំនេះ។
យោងតាមសេចក្តីថ្លែងការណ៍ពីសេវាសារព័ត៌មានបានឱ្យដឹងថាប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀហ្សីយ៉ូយ៉េវ (Shavkat Mirziyoyev) និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បានពិភាក្សាគ្នាអំពីវិធីដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីនៃមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រ និងសម្ព័ន្ធភាពក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ។
មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាពដែលកំពុងបន្តនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្នាំ ដោយភាគីទាំងពីរបន្ថែមថា គម្រោងសកម្មកំពុងដំណើរការក្នុងវិស័យជាច្រើនចាប់តាំងពីការផលិតរថយន្ត វាយនភ័ណ្ឌ វិស្វកម្មអគ្គិសនីថាមពល និងកសិកម្ម រហូតដល់វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។
មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើរបៀបវារៈក្នុងតំបន់ និងពិនិត្យមើលកាលវិភាគនៃព្រឹត្តិការណ៍ពហុភាគីនាពេលខាងមុខ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





