ចិន និងកៀហ្ស៊ីស៊ីស្ថាន យល់ព្រមគាំទ្រពាណិជ្ជកម្មសេរី និងគាំទ្រពហុភាគីនិយម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការគាំទ្រពាណិជ្ជកម្មសេរី ការពារច្បាប់អន្តរជាតិនិងការពារសិទ្ធិស្របច្បាប់រៀងៗខ្លួន និងផលប្រយោជន៍ក្នុងតំបន់។
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) អំឡុងពេលជួបជាមួយសមភាគីកៀហ្ស៊ីស៊ីស្ថាន លោក ជីនប៊េក គូលូប៊េវ (Jeenbek Kulubaev) បាននិយាយថា ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធដែលតភ្ជាប់ដោយភ្នំ និងទន្លេ ប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថានតែងតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយទំនុកចិត្ត និងស្មោះត្រង់ ហើយជាបងប្អូន និងដៃគូដែលអាចទុកចិត្តបាន។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀ ចាប៉ារ៉ូវ (Sadyr Japarov)ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយលោកបានកត់សម្គាល់ថា ប្រទេសទាំងពីរកំពុងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍នៃអនាគតរួមគ្នាដែលមានភាពជាអ្នកជិតខាងល្អ និងភាពរុងរឿងទៅវិញទៅមក។
លោក វ៉ាង បាននិយាយថា ប្រទេសចិនគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រទេសកៀហ្ស៊ីស៊ីស្ថានក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ប្រឆាំងយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ហើយជឿជាក់ថាប្រទេសកៀហ្ស៊ីស៊ីស្ថាននឹងបន្តគាំទ្រជំហរស្របច្បាប់របស់ប្រទេសចិនលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន។
ចំណែកលោក គូលូប៊េវ បាននិយាយថា ដំណើរទស្សនៈកិច្ចដ៏ជោគជ័យរបស់លោក ចាប៉ារ៉ូវ ទៅកាន់ប្រទេសចិនក្នុងខែកុម្ភៈដោយបានចាក់បញ្ចូលភាពរឹងមាំទៅក្នុងទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន ហើយថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការគាំទ្រដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោកបាននិយាយថា ប្រទេសកៀហ្ស៊ីស៊ីស្ថានមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តន៍តាមការណែនាំរបស់ប្រមុខរដ្ឋទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពអ្នកជិតខាងល្អ និងកសាងសហគមន៍កៀហ្ស៊ីស៊ីស្ថាន-ចិន ជាមួយនឹងអនាគតរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





