ឥណ្ឌូណេស៊ីនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រ៊ីកស៍
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេស លោក ស៊ូគីអូណូ (Sugiono) នឹងតំណាងប្រទេសឥណ្ឌូណេស៊ីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រ៊ីកស៍ (BRICS) នៅទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល នៅថ្ងៃទី២៨-២៩ ខែមេសា ដោយកត់សម្គាល់ពីការចូលរួមលើកដំបូងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះក្នុងនាមជាសមាជិកផ្លូវការរបស់ប្លុកនេះ។
យោងតាមក្រសួងការបរទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា កិច្ចប្រជុំនាថ្ងៃនេះនឹងផ្តោតសំខាន់ទៅលើបញ្ហាសកលលោក និងតំបន់ជាពិសេសបញ្ហានយោបាយ និងសន្តិសុខ កំណែទម្រង់អភិបាលកិច្ចសកលលោក និងតួនាទីនៃប្រទេសកំពុងអភិវឌ្ឍន៍ (សកលលោកខាងត្បូង) ក្នុងការលើកកម្ពស់ពហុភាគីនិយម។
កិច្ចប្រជុំនេះនឹងរួមបញ្ចូលនូវកិច្ចពិភាក្សាទៅលើការរៀបចំសម្រាប់កិច្ចប្រជុំកំពូលប្រ៊ីកស៍បន្ទាប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦-៧ ខែកក្កដានៅទីក្រុង Rio de Janeiro ដោយផ្តោតសំខាន់ជាពិសេសទៅលើការបង្កើតឯកសារសំខាន់ៗមួយចំនួន។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រ៊ីកស៍ ត្រូវបានគេរំពឹងថានឹងមានលទ្ធផលនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាសមាជិកចំពោះបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ការអភិវឌ្ឍ កំណែទម្រង់អភិបាលកិច្ចពិភពលោក និងបញ្ហាសំខាន់ៗផ្សេងទៀត។
នៅក្នុងកិច្ចប្រជុំកំពូលនោះ លោក ស៊ូគីអូណូ នឹងជំរុញឱ្យប្រ៊ីកស៍ដើរតួនាទីស្ថាបនាបន្ថែមទៀតក្នុងការរក្សាសន្តិភាព និងរក្សាបាននូវបទដ្ឋានជាសកល។ លោកក៏មានគម្រោងសង្កត់ធ្ងន់ទៅលើតម្រូវការបន្ទាន់សម្រាប់កំណែទម្រង់នៅទូទាំងស្ថាប័នពហុភាគីនានា ដោយអំពាវនាវឱ្យមានក្របខណ្ឌប្រកបដោយបរិយាប័ន្ន តម្លាភាព និងមានការឆ្លើយតបបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន។
នៅខាងក្រៅកិច្ចប្រជុំនោះ លោក ស៊ូគីអូណូ គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរបស់លោកមកពីបណ្តាប្រទេសផ្សេងៗ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





