តម្លៃនៃការនាំចេញរបស់ប្រទេសថៃកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមីនា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- យោងតាមក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសថៃនៅក្នុងខែមីនា ឆ្នាំ២០២៥ បានកើនឡើង ១៧,៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ២៩,៥ពាន់លានដុល្លារអាម៉េរិក ដែលជាកំណត់ត្រាថ្មីមួយទាក់ទងនឹងតម្លៃ។
ក្រសួងបាននិយាយថា នេះ គឺជាខែទី៩ ជាប់ៗគ្នានៃកំណើនការនាំចេញសម្រាប់ប្រទេសថៃ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំកន្លងមក បើទោះបីជាមានការដាក់ចេញនូវពន្ធដ៏តឹងរឹងរបស់សហរដ្ឋអាមេរិកដែលនៅតែជាកង្វល់ក៏ដោយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពីឆៃ ណារីបថាផាន (Pichai Naripthaphan) បានរាយការណ៍ថា ការនាំចេញពីវិស័យដែលមិនរាប់បញ្ចូលមាស ផលិតផលដែលទាក់ទងនឹងប្រេង និងអាវុធ បានកើនឡើង១៥% បើធៀបទៅនឹងឆ្នាំមុនកាលពីខែមុន។ លោកបានបន្តថា កត្តាជំរុញចម្បងនៃកំណើននេះ គឺវិស័យឧស្សាហកម្ម ជាពិសេសការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប។
យោងតាមលោក ពីឆៃ បានឱ្យដឹងថា ដៃគូពាណិជ្ជកម្មទាំងនេះបានមើលឃើញពីការបង្កើនល្បឿននៃសកម្មភាពផលិតកម្ម ខណៈដែលពួកគេព្យាយាមកាត់បន្ថយហានិភ័យពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកដែលនាំឱ្យមានការកើនឡើងនៃតម្រូវការនាំចូលក្នុងគោលបំណងធ្វើឱ្យមានស្ថេរភាពសង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងកាត់បន្ថយថ្លៃដើមដែលមានសក្តានុពល និងការកើនឡើងតម្លៃនាពេលអនាគត។
នៅក្នុងត្រីមាសទីមួយ តម្លៃនៃការនាំចេញរបស់ប្រទេសថៃបានកើនឡើង ១៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលសរុបមានចំនួន ៨១,៥ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងអតិរេកពាណិជ្ជកម្មចំនួន ១,០៨ពាន់លានដុល្លារអាម៉េរិក។
លោក ពីឆៃ បាននិយាយថា ការនាំចេញដ៏រឹងមាំនៅក្នុងត្រីមាសទីមួយត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដែលអាចមានសក្តានុពលលើសពី៣%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





