ម៉ាឡេស៊ីផ្តល់អាទិភាពដល់ការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានគូសបញ្ជាក់អំពីតួនាទីសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិ្មត (AI) ក្នុងការរៀបចំអនាគតរបស់ប្រទេសម៉ាឡេស៊ី ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់សម្រាប់និស្សិតដើម្បីទទួលបានជំនាញក្នុងវិស័យទាំងនេះតាំងពីដំណាក់កាលដំបូង។
ថ្លែងទៅកាន់ព្រឹត្តិការណ៍សិស្សនិស្សិត លោកនាយករដ្ឋមន្ត្រី អាន់វ៉ាបានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល និង AI គឺជាចំណុចសំខាន់សម្រាប់ភាពជោគជ័យនាពេលអនាគត ដោយចាំបាច់ត្រូវបញ្ចូលទៅក្នុងកម្មវិធីសិក្សា។ លោកបានកត់សម្គាល់ថា សាកលវិទ្យាល័យម៉ាឡេស៊ីបានបង្កើតនាយកដ្ឋាន AI ដើម្បីជួយសម្រួលដល់ការធ្វើសមាហរណកម្មនេះ។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃជំនាញពហុភាសា ជាពិសេសភាសាអង់គ្លេស និងភាសាចិនកុកងឺ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងសម្របខ្លួនទៅនឹងឥទ្ធិពលសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសចិនផងដែរ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកម្លាំងពលកម្ម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានកត់សម្គាល់ថា បើទោះបីជាមានការរីកចម្រើនល្អក៏ដោយ ក៏ប្រទេសម៉ាឡេស៊ីនៅតែបន្តប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ជាពិសេសវិស្វករដើម្បីបំពេញតម្រូវការនៃការកើនឡើងពីអ្នកវិនិយោគ។ ការព្យាករនាពេលបច្ចុប្បន្ននេះបានប៉ាន់ប្រមាណថា ការខ្វះខាតវិស្វករមានចំនួនប្រហែល ៣០.០០០នាក់។
កាលពីខែមីនា ក្រសួងឌីជីថលរបស់ប្រទេសម៉ាឡេស៊ី បានបណ្តុះបណ្តាលមន្ត្រីរាជការចំនួន ២០០នាក់មកពីក្រសួងផ្សេងៗស្តីពីកម្មវិធីAI ដែលជាផ្នែកមួយនៃកម្មវិធី «AI at Work 2.0» ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបំពាក់បំប៉នមន្ត្រីជំនាញដើម្បីអនុវត្ត AI ក្នុងកិច្ចការប្រចាំថ្ងៃ រួមទាំងការបង្កើតខ្លឹមសារ ការវិភាគទិន្នន័យ និងការសង្ខេបព័ត៌មានជាដើម។
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា ក៏បានគូសបញ្ជាក់ផងដែរថា ការបង្កើតក្រសួងនៅក្នុងខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសម៉ាឡេស៊ីចំពោះរបៀបវារៈឌីជីថលរបស់ខ្លួន ដែលបង្កើតឡើងដោយការរៀបចំរចនាសម្ព័ន្ធអតីតក្រសួងទំនាក់ទំនង និងពហុព័ត៌មាន ហើយក្រសួងថ្មីនេះត្រូវបានគេរំពឹងថានឹងពង្រឹងការប្រកួតប្រជែងរបស់ប្រទេសម៉ាឡេស៊ីក្នុងវិស័យឌីជីថល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





