គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីរឹបអូសទឹកប្រាក់ជាង ៦៥លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ -- ខណៈដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដែលទាក់ទងនឹងអំពើពុករលួយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានប្រកាសថានៅក្នុងឆ្នាំ២០២៤ ខ្លួនបានរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលមានតម្លៃជាង២៨៥លានរីងហ្គីត (ជាង ៦៥លានដុល្លារអាម៉េរិក)។
លោក តាន់ស្រ៊ី អាហ្សាម បាគី (Tan Sri Azam Baki) ប្រធានស្នងការ MACC បាននិយាយថា វាបង្ហាញថាការអនុវត្តច្បាប់ដែលធ្វើឡើងដោយគណៈកម្មការមានប្រសិទ្ធភាព ហើយ MACC មិនត្រឹមតែធ្វើការស៊ើបអង្កេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ដារឡើងវិញនូវសិទ្ធិរបស់មនុស្សដែលត្រូវបានបោកប្រាស់ផងដែរ។
លោកបាននិយាយថា ការស៊ើបអង្កេត និងការប្រមូលយកមកវិញនូវទ្រព្យសម្បត្តិដែលធ្វើឡើងដោយ MACC មិនមែនជារឿងងាយស្រួលនោះទេ ហើយទាមទារឱ្យមានការឧស្សាហ៍ព្យាយាម ឧត្តមគតិ កិច្ចសហប្រតិបត្តិការ និងកិច្ចសហការពីប្រទេសផ្សេងៗ ក៏ដូចជាការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើការរាយការណ៍ប្រកបដោយតុល្យភាពព័ត៌មានពេញលេញ និងពោរពេញដោយទំនុកចិត្តដល់ប្រជាជនផងដែរ។
លោក អាហ្សាម បានកត់សម្គាល់ថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ MACC បានកត់ត្រានូវតម្លៃនៃការរឹបអូសទ្រព្យសម្បត្តិដ៏ធំបំផុតដែលមានចំនួន ១៧៧លានរីងហ្គីត ដែលពាក់ព័ន្ធនឹងសាច់ប្រាក់ និងដុំមាសដែលទាក់ទងនឹងការស៊ើបអង្កេតប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្ម៊ែល សាប្រ៊ី យ៉ាកូប (Ismail Sabri Yaakob)។
លោក អាហ្សាម បាននិយាយថា គណៈកម្មការនឹងបន្តពង្រឹងការយកចិត្តទុកដាក់របស់ខ្លួនទៅលើករណីពុករលួយទ្រង់ទ្រាយធំ ទម្រង់ខ្ពស់ និងជាផលប្រយោជន៍សាធារណៈ។ លោកបាននិយាយថាការស៊ើបអង្កេតរបស់ MACC តែងតែធ្វើឡើងដោយឯករាជ្យ តម្លាភាព និងគោលការណ៍វិជ្ជាជីវៈ ដោយផ្អែកលើច្បាប់ និងដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយណាមួយឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





