លោក ឃ្លោក នួយ ដឹកនាំក្រុមការងារនាំយកអំណោយសម្តេចធិបតី និងលោកជំទាវចុះជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកភ្នំស្រុក
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥--ក្នុងស្មារតីសាមគ្គី និងការយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទីកងពលតូចថ្មើជើងលេខ៥១ ព្រមទាំងកងកម្លាំងទាំងបីប្រភេទ បានចុះទៅកាន់ស្រុកភ្នំស្រុក ដើម្បីជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ។

លោក ហីរី ហាំង អភិបាលរងស្រុកភ្នំស្រុក បានឱ្យដឹងថា ហេតុការណ៍ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាដែលបានកើតមានឡើងកាលពីរសៀលថ្ងៃទី២៦ ខែមេសា បានបោកបក់មកលើភូមិឋានបណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៩ភូមិ លើ៤ឃុំ គឺ ឃុំប៉ោយចារ ពន្លៃ ស្រះជីក ភ្នំដី ក្នុងស្រុកភ្នំស្រុក ដែលបានបណ្តាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣៤ខ្នងរងការខូចខាត ដោយរបើកដំបូល ជញ្ជាំង ក្នុងនោះក៏មានរោងបន្លែសុវត្ថិភាពមួយខ្នងផងដែរបានរងការប៉ះពាល់យ៉ាងដំណំបង្កឱ្យមានការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានដ៏គួរឱ្យសោកស្តាយនេះ ឯកឧត្តម អ៊ុំ រាត្រី បានចាត់ចែងឱ្យលោក ឃ្លោក នួយ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង និងចាត់វិធានការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋជាបន្ទាន់។ ក្នុងដំណើរចុះទៅកាន់ទីតាំងកើតហេតុ លោក ឃ្លោក នួយ បានបង្ហាញពីការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើង និងបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកុំឱ្យបាក់ទឹកចិត្ត និងប្តេជ្ញាថានឹងនាំយកជំនួយសង្គ្រោះមកជូនពួកគាត់ឱ្យបានឆាប់បំផុត។

ទន្ទឹមនឹងនេះ លោកបានមានប្រសាសន៍ក្នុងឱកាសនោះថា៖ «ក្នុងនាមឯកឧត្តមអភិបាលខេត្ត និងគណៈអភិបាលខេត្តទាំងមូល ខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយថ្ងៃនេះ យើងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រាលទុក្ខលំបាកបងប្អូន»។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាដែលបាននាំយកមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ រួមមាន ស័ង្កសីចំនួន ៣២០សន្លឹក ដែលជាការផ្តល់ជូនដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ក្រៅពីការនាំយកនូវសម្ភារៈសង្គ្រោះបឋម លោក ឃ្លោក នួយ ក៏បានដឹកនាំកម្លាំងចម្រុះ ក្នុងនោះមានកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចូលរួមជួយជួសជុលផ្ទះសម្បែងដែលរងការខូចខាតជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព និងការរួបរួមគ្នាក្នុងគ្រាលំបាក។

លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទីកងពលតូចថ្មើជើងលេខ៥១ បានបញ្ជាក់ពីការត្រៀមខ្លួនជានិច្ចរបស់កងកម្លាំងក្នុងការចូលរួមសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដោយបានលើកឡើងថា «កងពលតូចថ្មើជើងលេខ៥១របស់យើង តែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជួយបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ។ ការចុះជួយជួសជុលផ្ទះសម្បែងជូនបងប្អូននាពេលនេះគឺជាកាតព្វកិច្ចដ៏សំខាន់មួយរបស់យើង»។
ក្នុងទឹកមុខសប្បាយរីករាយ និងក្តីរំភើប ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយសង្គ្រោះទាន់ពេលវេលា។ ស័ង្កសីដែលទទួលបានថ្ងៃនេះ ពិតជាមានតម្លៃណាស់សម្រាប់ពួកគាត់ក្នុងការសាងសង់ផ្ទះសម្បែងឡើងវិញ។
សកម្មភាពដ៏ប្រពៃនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជំនួយសង្គ្រោះទាន់ពេលវេលា និងការចូលរួមជួយជួសជុលផ្ទះសម្បែង បានផ្តល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដើម្បីឆាប់បានវិលត្រឡប់ទៅកាន់ជីវភាពរស់នៅប្រចាំថ្ងៃជាធម្មតាវិញ។ នេះគឺជាគំរូដ៏ល្អមួយសម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងមានប្រសិទ្ធភាព៕
ដោយ ឈុន សារ៉ាត





