ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅសាលាបឋមសិក្សាចារជ្រុំ
AKP កំពង់ធំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥-- អគារសិក្សាចំនួន២ខ្នង និងសមិទ្ធផលនានាមួយចំនួនទៀតនៅសាលាបឋមសិក្សាចារជ្រុំ ស្ថិតនៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ។

លោក អ៊ុង វុទ្ធី បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែចង់ឃើញប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញធ្វើយ៉ាងណាឱ្យមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងរហូតដល់ជនបទ ជាពិសេសគឺការកសាងសាលារៀនឱ្យបានដល់ទីជនបទនិងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះបើមានសាលារៀនហើយសូមប្អូនៗ ខិតខំសិក្សារៀនសូត្រពីកម្រិតថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ និងបន្តឱ្យបានដល់ថ្នាក់បរិញ្ញាបត្រដើម្បីក្លាយខ្លួនទៅជាធនធានមនុស្សសម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយើងឱ្យកាន់តែមានភាពរីកចម្រើនឆាប់រហ័ស។

ទន្ទឹមនឹងនេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងថា សាលាបឋមសិក្សាចារជ្រុំបានទទួលសិស្សានុសិស្សមកពីភូមិចារជ្រុំ និងភូមិប្រឡាយ។ នៅឆ្នាំសិក្សា២០២៤-២០២៥មានសិស្សសរុបចំនួន១៥៧នាក់ (សិស្សស្រី៦៧នាក់)។ សាលាបឋមសិក្សាចារជ្រុំបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មក។ ដោយសារទីតាំងចាស់រងផលប៉ះពាល់ដោយបាក់ច្រាំងស្ទឹង និងទីតាំងតូចចង្អៀតទើបត្រូវបង្ខំចិត្តផ្លាស់មកទីតាំងថ្មី ដោយមានការចូលរួមឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន រួមសហការជាមួយអង្គការ អេដ អេ អាកស្យុង(AEA) ព្រមទាំងសប្បុរសជននានា បានសហការគ្នាកសាងសាលារៀននេះឡើងមានអគារសិក្សាចំនួន២ខ្នង ស្មើនឹង៥បន្ទប់ក្លោងងទ្វារ របងសាលា អណ្ដូងទឹក អាងទឹកបង្គន់អនាម័យនិងប្រព័ន្ធចម្រោះទឹកសុវត្ថិភាព ដែលចំណាយថវិកាសរុបជាង២២លាន៤៩ម៉ឺនរៀល និង១៩៧០០ដុល្លារសហរដ្ឋអាមេរិក។

លោកអភិបាលស្រុកបានសំណូមពរសូមប្អូនៗសិស្សានុសិស្សត្រូវតែចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យបាននៅគង់វង្សយូរអង្វែង សម្រាប់បងប្អូនកូនចៅយើងជំនាន់ក្រោយៗទៀតបានមកសិក្សារៀនសូត្រ។ ម្យ៉ាងវិញទៀតសូមប្អូនៗទាំងអស់គ្នាត្រូវខិតខំសិក្សារៀនសូត្រដើម្បីខ្លាយខ្លួនទៅជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិទៅថ្ងៃអនាគត៕

ដោយ ស៊ុម វណ្ណា





