ឯកឧត្តម វង្សី វិស្សុត អញ្ជើញដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំនៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យស្ថិតក្នុងឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្ដម លោកជំទាវលោក លោកស្រី អនុប្រធាន សមាជិកសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត/ស្រុក/ឃុំ អាជ្ញាធរស្រុក/ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសហគមន៍ជាច្រើនរូប។

ឯកឧត្ដម ប៉ែន ធីរុង្គ បានឡើងធ្វើរបាយការណ៍អំពីក្របខ័ណ្ឌ និងយន្តការគ្រប់គ្រងអនុវត្តគម្រោងដោយបានបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើមនិងជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ គម្រោងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិចនិងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញបន្ថែមលើផលិតកម្មកសិកម្មគោលដូចជា ការដាំបន្លែ ការចិញ្ចឹមសត្វ ការផលិតជីសរីរាង្គនិងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ។ គម្រោងនឹងត្រូវអនុវត្តក្នុងរយៈពេល៤ឆ្នាំ (២០២៥-២០២៨) ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន៧៥ដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពផលិតកម្មកសិកម្មតាមស្ថានភាពជាក់ស្តែងនៅក្នុងបណ្តាស្រុក/ក្រុងទាំង៩នៃខេត្តកំពង់ធំនិងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការនិងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មមានទឹកប្រាក់សរុបប្រមាណជាង៤០ម៉ឺនដុល្លារអាមេរិក ដែលគាំទ្រដោយថវិកាផ្ទាល់ពីឯកឧត្តម វង្សី វិស្សុតនិងក្រុមការងារ ព្រមទាំងសប្បុរសជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងរបស់ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ក៏ដូចជាក្រុមការងារចុះមូលដ្ឋានទាំងអស់និងអាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយសហថាមពល ប្រទាក់ក្រឡាគ្នា ចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន។ ការបង្កើតឱកាសក្នុងការធ្វើអាជីវកម្ម និងការបង្កើតនិងពង្រីកមុខរបរ ជាពិសេសចំពោះផលិតកម្មកសិកម្មខ្នាតតូចតែផ្ដល់ផលលឿន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំនាពេលនេះគឺធ្វើ "ពិត ពុំមែនសំដែងល្ខោនទេ"។ ឯកឧត្តមបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ត្រូវចូលរួមការបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ ទន្ទឹមនេះ អាជ្ញាធរដែនដីខេត្ត ស្រុក ឃុំ ភូមិ មន្ត្រីកសិកម្មឃុំ ផ្នែកជំនាញពាក់ព័ន្ធ ត្រូវចូលរួមសម្របសម្រួលនិងគាំទ្រការអនុវត្តគម្រោងដោយការទទួលខុសត្រូវហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមដែលកើតមានដើម្បីចូលរួមចំណែកអនុវត្តឱ្យុបានជោគជ័យ ស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនូវអភិក្រមចំនួន៣គឺ "ជួយបង្កើនចំណូលគ្រួសារ ធានាសន្តិសុខស្បៀង និងធានាសុវត្ថិភាពចំណីអាហារ" និងបានណែនាំឱ្យក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំនិងក្រុមការងារវិស័យពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលសហគមន៍បានលើកឡើង ដូចជា តម្រូវការបច្ចេកទេស ការដោះស្រាយបញ្ហាទីផ្សារ ការគ្រប់គ្រងប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុ ការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងជាប្រចាំនិងត្រូវរៀបចំបង្កើត និងបង្កើនក្រុមផលិតឱ្យបានច្រើនដើម្បីធានាភាពជាម្ចាស់របស់សហគមន៍ដែលអាចរស់បានដោយខ្លួនឯងនាពេលអនាគតហើយនាពេលបន្ទាប់នឹងរៀបចំឱ្យមានការប្រឡងប្រណាំងសហគមន៍ដែលអនុវត្តគម្រោងបានជោគជ័យក្នុងខេត្តកំពង់ធំទៀតផង។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ទៀតថា ជោគជ័យរបស់ក្រុមការងារក៏ដូចជារាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺការផ្លាស់ប្ដូរឱ្យប្រជាជនមានជីវភាពកាន់តែធូរធារនិងគុណភាពនៃការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជនកាន់តែប្រសើរឡើង ព្រមទាំងការធានារក្សាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋានបានល្អដើម្បីផ្ដល់ភាពសុខសាន្តជូនដល់ប្រជាជន៕

ដោយ ស៊ុម វណ្ណា





