លោក អ៊ុត វណ្ណារ៉ា៖ អាជ្ញាធរស្រុកកំពង់ស្វាយមិនលើកលែងដាច់ខាតចំពោះជនល្មើសឈូសឆាយដីព្រៃលិចទឹកចំណុចបឹងឈូកវ៉ា
AKP កំពង់ធំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥-- លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមកាលពីពេលថ្មីៗកន្លងទៅនេះថា អាជ្ញាធរស្រុកកំពង់ស្វាយមិនលើកលែងជាដាច់ខាតចំពោះជនល្មើសឈូសឆាយដីគេទឹកនៅតំបន់ឈូកវ៉ា និងបានចាត់កម្លាំងស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលហ៊ានលួចឈួសឆាយដីព្រៃលិចទឹក ទោះជាស្ថិតក្នុងតំបន់៣ តំបន់២ ឬតំបន់១ក៏ដោយឱ្យតែមានព្រៃគឺមិនឱ្យមានការកាប់ទន្ទ្រានឈូសឆាយឡើយ។

លោកអភិបាលស្រុកបានបញ្ជាក់ដូចនេះបន្ទាប់ពីបានទទួលព័ត៌មាន និងបានចាត់អភិបាលរងស្រុកម្នាក់ចុះពិនិត្យជាក់ស្តែងថាពិតជាមានការឈូសឆាយដីព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់២ត្រង់ចំណុចដីដួងហេង បឹងឈូកវ៉ា ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពិតប្រាកដមែន។បើតាមការសន្និដ្ឋាន និងសាកសួរអ្នកក្បែរនោះជនល្មើសអាចឆ្លៀតឱកាសលួចឈូសឆាយក្នុងកម្លុងពេលដែលអាជ្ញាធរជាប់រវល់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ។ទោះយ៉ាងណាលោកបានជូនដំណឹងទៅជំនាញជលផលចងក្រងសំណុំរឿងនេះដើម្បីស្រាវជ្រាវរកជនប្រព្រឹត្តអនុវត្តតាមនិតិវិធី។ យោងតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំហាមដាច់ខាត់មិនឱ្យមានការរំលោភ ឈូសឆាយដីព្រៃលិចទឹកនោះទេ។
ការបាត់បង់ព្រៃលិចទឹកធ្វើឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើនមកលើមនុស្សសត្វនិងបរិស្ថានបាត់បង់នូវជីវចម្រុះ។ ការបាត់បង់ព្រៃឈើគឺបាត់បង់ប្រភពឱសថនិងចំណីអាហារដីបាត់បង់ជីជាតិធ្វើឱ្យមានផលប៉ះពាល់ដល់ការដាំដុះធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចទាំងក្នុងគ្រួសារនិងសង្គមជាតិ។ មានការប្រែប្រួលអាកាសធាតុរដូវមិនទៀងងាយកើតឡើងគ្រោះធម្មជាតិដូចជាខ្យល់ព្យុះទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម៕
ដោយ ស៊ុម វណ្ណា





