ពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥--ដូចការគ្រោងទុកក្រុមហ៊ុនរថយន្តអគ្គិសនី BYD មកពីប្រទេសចិន ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋានបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាមការគ្រោងទុកបន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនី BYD សាងសង់រួចរាល់នឹងដាក់ឱ្យប្រតិបត្តិការជាផ្លូវការនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ ក្រោមក្តីរំពឹងថាអត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ ខណៈមានការអះអាងថា រោងចក្ររបស់ BYD នៅកម្ពុជាអាចដំឡើងរថយន្ដចាប់ពី១ម៉ឺនគ្រឿងឡើងទៅនៅក្នុង១ឆ្នាំ ដោយក្រុមហ៊ុននឹងដំឡើងរថយន្តចំនួនពីរប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)





