សម្ដេចតេជោ ហ៊ុន សែន ផ្ដល់នូវការឧបត្ថម្ភដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រី ស៊ុន ស្រីតី ដែលជាអ្នកលក់ផ្កានៅលើភ្នំគីរីរម្យ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវការឧបត្ថម្ភ ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី ដែលជាអ្នកលក់ផ្កានៅលើភ្នំគីរីរម្យ។

នៅលបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានសរសេរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។

គ្រួសារចៅស្រី តី មានសមាជិក ៥នាក់ រួមមាន ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។ ឪពុកម្ដាយ ចៅស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោថា ចៅស្រី ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាប សម្ដេចតេជោ ចៅស្រី តី បានជជែកលេងជាមួយ សម្ដេចតេជោ ជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។ ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន 10 000ដុល្លារ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារឱ្យ។


សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចម្ការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចម្ការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ៕
ដោយ៖ ជឹម ណារី





