អ៊ីរ៉ង់ និងរុស្ស៊ី គ្រោងបង្កើតផែនទីបង្ហាញផ្លូវរយៈពេល ២០ឆ្នាំ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ី លោក កាហ្សេម ចាឡាលី (Kazem Jalali) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់នឹងគូសបញ្ជាក់នូវផែនទីផ្លូវនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ២០ឆ្នាំខាងមុខ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនាពេលខាងមុខនៃគណៈកម្មការអន្តររដ្ឋាភិបាលរួមមួយ។
លោក ចាឡាលី បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ក្រុមអ្នកជំនាញនៃប្រទេសទាំងពីរនឹងពិចារណាទៅលើមធ្យោបាយអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងក្របខណ្ឌនៃក្រុមការងារឯកទេស ហើយដោយបានដកចេញនូវឧបសគ្គមួយចំនួនដែលមានស្រាប់ នឹងបង្កើតផែនទីបង្ហាញផ្លូវរយៈពេល ២០ឆ្នាំសម្រាប់ការសម្រេចបាននូវភាពជាដៃគូនាពេលអនាគតដែលចង់បានក្នុងន័យនៃសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
គណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-អ៊ីរ៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បាននិងកំពុងជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូចាប់ពីថ្ងៃទី២៣-២៥ ខែមេសា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





