គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រវាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ -- គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័របានអង្រួនទីក្រុងអ៊ីស្តង់ប៊ុលនៅវេលាម៉ោងប្រហែល ១២:៥០នាទីយប់។ នេះបើយោងតាមការរាយការណ៍របស់ទូរទស្សន៍ TRT Haber ដោយដកស្រង់សម្តីអ្នកជំនាញរញ្ជួយដី។
គ្រោះរញ្ជួយដែលមានរយៈពេលពី ១០វិនាទី ទៅ ១៥វិនាទីនេះ បានវាយប្រហារនៅក្នុងផ្នែកផ្សេងៗនៃទីក្រុង និងបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក អាលី យើលីកាយ៉ា (Ali Yerlikaya) បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានកម្រិត ៦,២រ៉ិចទ័រ។
លោកបានសរសេរនៅលើបណ្តាញសង្គមអ៊ិច (X) ថា «គ្រោះរញ្ជួយដីបានអង្រួនទីក្រុងអ៊ីស្តង់ប៊ុល និងតំបន់ជុំវិញនោះ ដោយអង្គភាពនៃនាយកដ្ឋានសង្គ្រោះបន្ទាន់កំពុងសិក្សាអំពីផលវិបាករបស់វា»។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានទីតាំងនៅសមុទ្រម៉ាម៉ារ៉ា (Marmara) ក្នុងតំបន់ស៊ីលីវរី (Silivri) ដែលមានចំណុចកណ្តាលស្ថិតនៅជម្រៅ ៦,៩គីឡូម៉ែត្រ។
អ្នកឆ្លើយឆ្លងសារព័ត៌មានតាសស៍ (TASS) បានរាយការណ៍ថា យ៉ាងហោចណាស់មានគ្រោះរញ្ជួយដ៏ខ្លាំងចំនួនបីដែលបានធ្វើឱ្យអគារជាច្រើននៅក្នុងតំបន់មួយចំនួនរង្គើរ និងអង្រួនទីក្រុងអ៊ីស្តង់ប៊ុលក្នុងរយៈពេលកន្លះម៉ោង ប៉ុន្តែនៅមិនទាន់មានព័ត៌មានអំពីការស្លាប់ និងការខូចខាតដែលអាចកើតមាននៅឡើយទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





