លោក ដូណាល់ ត្រាំ ជឿជាក់ថា សហរដ្ឋអាមេរិកនឹងសម្រេចកិច្ចព្រមព្រៀងជាមួយចិនស្តីពីពន្ធគយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោករំពឹងថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងឈានដល់ការសម្រេចកិច្ចព្រមព្រៀងស្តីពីពន្ធគយ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «ទំនាក់ទំនងរបស់ខ្ញុំជាមួយ [ចិន] លោកប្រធានាធិបតី ស៊ី [ជីនពីង] គឺអស្ចារ្យ ហើយវាអស្ចារ្យណាស់អស់រយៈពេលជាយូរមកហើយ។ យើងមានទំនាក់ទំនងល្អខ្លាំងណាស់ ហើយខ្ញុំគិតថាយើងនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចិន។ ប្រសិនបើយើងមិនសម្រេចបាននូវកិច្ចព្រមព្រៀងនេះទេ យើងនឹងកំណត់វា។ យើងនឹងគ្រាន់តែកំណត់តួលេខប៉ុណ្ណោះ»។
កាលពីថ្ងៃទី០២ ខែមេសា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលណែនាំអំពីពន្ធទៅវិញទៅមកទៅលើការនាំចូលពីប្រទេសផ្សេងៗ ដែលរួមមានទាំងប្រទេសចិនផងដែរ។ ពន្ធសម្រាប់អ្នកនាំចេញរបស់ចិនទៅសហរដ្ឋអាមេរិកឥឡូវនេះបានឡើងដល់ចំនួន ១៤៥% ហើយ ខណៈដែលអត្រាអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកទៅកាន់ចិន គឺមានចំនួន ១២៥%។ អ្នកជំនាញមួយចំនួនបានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា កម្រិតនៃកាតព្វកិច្ចបែបនេះមានន័យថាជាការបញ្ឈប់ជាក់ស្តែងនៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





