ទីក្រុងវ៉ាស៊ីនតោននឹងឈប់ចរចាអំពីបញ្ហាអ៊ុយក្រែន ប្រសិនបើទីក្រុងម៉ូស្គូ និងទីក្រុងគៀវបដិសេធផែនការរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វេនស៍ (JD Vance) បាននិយាយថា សហរដ្ឋអាមេរិកបានបង្កើតសំណើយ៉ាងច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាជម្លោះអ៊ុយក្រែន ប៉ុន្តែនឹងសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចចរចា ប្រសិនបើទីក្រុងម៉ូស្គូ និងទីក្រុងគៀវ មិនយល់ព្រមចំពោះសំណើផែនការនេះ។
គេហទំព័រសារព័ត៌មាន Bloomberg បានដកស្រង់សម្ដីរបស់លោកដែលបាននិយាយប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅវិហារតាចម៉ាហាល់( Taj Mahal) ថា «វាដល់ពេលហើយដែលពួកគេត្រូវនិយាយថាបាទ ឬបើពុំនោះទេ សហរដ្ឋអាមេរិកនឹងដើរចេញពីដំណើរការនេះ»។
លោកបាននិយាយបន្តថា «វានឹងត្រូវមានការដោះដូរទឹកដីខ្លះ» ដើម្បីបញ្ឈប់ភាគីទាំងសងខាងដោយត្រូវដាក់អាវុធចុះ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ល្អ និងបន្តអាជីវកម្មនៃការកសាងរុស្ស៊ីឱ្យកាន់តែប្រសើរ ហើយអ៊ុយក្រែននឹងមានស្ថានភាពល្អជាងមុន»។ លោក វេនស៍ បាននិយាយថា លោកមានសុទិដ្ឋិនិយមចំពោះកិច្ចចរចា ដោយលោកមើលឃើញថា ភាគីទាំងអស់បានចរចាដោយស្មោះត្រង់រហូតមកដល់ពេលនេះ។
កាលពីថ្ងៃទី២០ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងដោះស្រាយបញ្ហានៅអ៊ុយក្រែននឹងត្រូវបានសម្រេចនៅក្នុងសប្តាហ៍ខាងមុខនេះ។ ដូចដែលបានរាយការណ៍ដោយកាសែតញូវយ៉កប៉ុស្តិ៍ បានឱ្យដឹងថា ផែនការរបស់លោក ត្រាំ អាចរួមបញ្ចូលនូវការដាក់ពង្រាយកងទាហានអឺរ៉ុបនៅក្នុងទឹកដីដែលគ្រប់គ្រងដោយទីក្រុងគៀវ។ គួរបញ្ជាក់ផងដែរថា ការបង្កើតគណៈកម្មការរួមមួយកំពុងត្រូវបានពិចារណា ដែលនឹងរួមបញ្ចូលនូវអ្នកតំណាងរបស់រុស្ស៊ី អ៊ុយក្រែន និងប្រទេសទីបីដែលមិនមែនជាសមាជិកអង្គការណាតូ ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





