អង្គការ Fauna & Flora បញ្ចប់ការសិក្សាស្រាវជ្រាវជីវចម្រុះសមុទ្រប្រកបដោយជោគជ័យនៅប្រជុំកោះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- អង្គការ Fauna & Flora បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ថា ថ្មីៗនេះ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora របស់ខ្លួនបានសហការជាមួយរដ្ឋបាលជលផល បញ្ចប់ការសិក្សាស្រាវជ្រាវជីវចម្រុះសមុទ្រប្រកបដោយជោគជ័យនៅប្រជុំកោះមួយចំនួន។

ការសិក្សាស្រាវជ្រាវជីវចម្រុះសមុទ្របានធ្វើឡើងនៅប្រជុំកោះពូលូវ៉ៃ និងកោះតាង ដែលជាការស្រាវជ្រាវរយៈពេលឆ្នាំទី៣ និងកោះព្រីងរយៈពេលឆ្នាំទី២ ។ ការស្រាវជ្រាវនេះដើម្បីតាមដានសុខភាពផ្កាថ្ម និងជីវ:ចម្រុះសមុទ្រផ្សេងៗទៀត។ វាក៏ជាលើកដំបូងដែលអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora បានចាប់ផ្តើមធ្វើការសិក្សាអំពីប្រភេទ និងភាពសម្បូរបែបរបស់ស្មៅសមុទ្រនៅកោះតាង។

គោលបំណងនៃសកម្មភាពនេះគឺដើម្បីប្រមូលទិន្នន័យសំខាន់ៗអំពីជីវចម្រុះសមុទ្រនៅកម្ពុជា ដែលនឹងជួយគាំទ្រដល់ការរៀបចំផែនការអភិរក្សរបស់រាជរដ្ឋាភិបាល ដែលជាលទ្ធផលធានាបាននូវនិរន្តភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះ៕


ដោយ ណយ នឿន (ប្រភព៖ Fauna & Flora)





