ប៉ូលិសតួកគីរឹបអូសថ្នាំញៀនជាង ៨០០គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ២នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បានប្រកាសកាលពីថ្ងៃអង្គារថាប៉ូលិសតួកគីបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៨០១,៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុងអំឡុងពេលប្រតិបត្តិការដ៏ធំមួយនៅទីក្រុងអ៊ីស្តង់ប៊ុល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច លោក យឺលីកាយ៉ា បាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងសង្កាត់អារណាវូតកុយ (Arnavutkoy) នៅតំបន់អឺរ៉ុបនៃទីក្រុង។
លោកបន្តថា ក្នុងការឆ្មក់ចូលនោះ ប៉ូលិសបានរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧៧៣គីឡូក្រាមដែលរក្សាទុកក្នុងធុងចំនួន២៩ផ្សេងគ្នា រួមនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ចំនួន២៨,៥គីឡូក្រាម។
វីដេអូមួយដែលត្រូវបានបង្ហោះដោយលោក យឺលីកាយ៉ា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចបានបង្ហាញពីអង្គភាពប៉ូលីសអមដោយសត្វឆ្កែsniffer ដែលត្រូវបានបណ្តុះបណ្តាលយ៉ាងពិសេស បានឆ្មក់ចូលរថយន្តដឹកទំនិញនៅក្នុងចំណតរថយន្តមួយ។ ថ្នាំញៀនមេតំហ្វេតាមីនត្រូវបានគេប្រទះឃើញលាក់ទុកក្នុងទូជាច្រើនក្នុងរថយន្ត ។
កងកម្លាំងសន្តិសុខតួកគីជារឿយៗធ្វើប្រតិបត្តិការប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដ៏យូរអង្វែងរបស់ប្រទេសនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





