ថៃមើលឃើញនូវភាពរីកចម្រើនជាវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនៅភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភុមថាម វេឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថៃគ្រោងនឹងដកច្បាប់អាជ្ញាសឹកចេញនៅក្នុងស្រុកចំនួន៤ នៃខេត្តចំនួន៣ នៅជាប់ព្រំដែនភាគខាងត្បូង។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោកគ្រោងនឹងជួបជាមួយភ្នាក់ងាររដ្ឋដើម្បីពិភាក្សាអំពីការលើកឡើងនេះ បន្ទាប់ពីកិច្ចប្រជុំចល័តរបស់គណៈរដ្ឋមន្ត្រីនៅក្នុងខេត្តសុងក្លា កាលពីថ្ងៃទី១៧-១៨ ខែកុម្ភៈ បានសម្រេចទៅលើការអនុវត្តច្បាប់អាជ្ញាសឹកនៅក្នុងស្រុកចំនួន៤នៃខេត្តប៉ាតានី ខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់។
លោកបានបញ្ជាក់ថា ប្រទេសថៃកំពុងធ្វើការងារយ៉ាងសកម្មទៅលើបញ្ហានេះ ហើយដំណើរទស្សនកិច្ចរបស់លោកនាពេលខាងមុខទៅកាន់តំបន់នេះនឹងមានកិច្ចពិភាក្សាជាមួយក្រុមប្រតិបត្តិករ មេស្រុក មន្ត្រីនគរបាលនិងបុគ្គលិកមកពីបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤។
លោក ភុមថាម បានសង្កត់ធ្ងន់ថា គ្មានការសម្រេចចុងក្រោយណាមួយត្រូវបានធ្វើឡើងទាក់ទងនឹងសមាសភាពនៃគណៈកម្មាធិការចរចាសន្តិភាពរបស់ប្រទេសថៃនោះទេ ដោយលោកបានបញ្ជាក់ថា ទិសដៅយុទ្ធសាស្ត្រសម្រាប់ខេត្តជាប់ព្រំដែនភាគខាងត្បូងទាំងបីនេះនៅតែស្ថិតក្រោមការពិចារណានៅឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





