ឥណ្ឌូណេស៊ីកំណត់គោលដៅលុបបំបាត់ភាពក្រីក្រខ្លាំងនៅត្រឹមឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឥណ្ឌូណេស៊ី លោក សៃហ្វុលឡាហ៍ យូសូហ្វ (Saifullah Yusuf) បានប្រកាសពីគោលដៅរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំងនៅត្រឹមឆ្នាំ២០២៦ និងកាត់បន្ថយអត្រាភាពក្រីក្រជាតិឱ្យនៅខាងក្រោម ៥% នៅត្រឹមឆ្នាំ២០២៩។
បច្ចុប្បន្ន អត្រាភាពក្រីក្រជាតិរបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួនជាមធ្យម ៨,៥៧%។ លោករដ្ឋមន្ត្រីបាននិយាយថា ខេត្តដែលមានចំនួនប្រជាជនរស់នៅក្នុងភាពក្រីក្រច្រើនជាងគេ គឺខេត្តកោះជ្វាខាងកើត កោះជ្វាកណ្តាល និងកោះជ្វាខាងលិច។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកណ្តាលកំពុងអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រជាច្រើន ដែលរួមមានទាំងកម្មវិធីសាលារៀនប្រជាជនផងដែរ។ គ្រោងការណ៍នេះមានគោលបំណងពង្រីកលទ្ធភាពទទួលបានការអប់រំស្មើៗគ្នានៅទូទាំងតំបន់ទាំងអស់ ដោយមានការរំពឹងទុកថា ឱកាសអប់រំដែលប្រសើរឡើងនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយកម្រិតនៃភាពក្រីក្រ។
លោក យូសូហ្វ ក៏បានកោតសរសើរដល់ស្រុកបានយូវ៉ាងគី ចំពោះយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ដែលបាននាំអត្រាភាពក្រីក្ររបស់ខ្លួនឱ្យទាបជាងមធ្យមភាគជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





