ការនាំចេញអង្កររបស់ថៃធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទីមួយ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ -- យោងតាមសមាគមអ្នកនាំចេញអង្ករថៃបានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះ៣០% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលមានចំនួនត្រឹម ២,១លានតោនប៉ុណ្ណោះ។
ប្រធានកិត្តិយសរបស់សមាគមនោះ លោក ជូគៀត អូផាសាវង្សសេ (Chookiat Ophaswongse) បាននិយាយថា ការធ្លាក់ចុះនេះគឺដោយសារតែប្រទេសនានាពន្យារពេលការសម្រេចចិត្តទិញ ហើយឥណ្ឌាបន្តការនាំចេញអង្ករឡើងវិញ។
លោកបានកត់សម្គាល់ថា ការនាំចេញពេញមួយឆ្នាំរបស់ប្រទេសថៃអាចធ្លាក់ចុះក្រោមការព្យាករទុកចំនួន ៧,៥លានតោន ប៉ុន្តែអ្នកនាំចេញកំពុងមើលឃើញនូវការបញ្ជាទិញរបស់សហរដ្ឋអាមេរិកបន្ថែមទៀត បន្ទាប់ពីការផ្អាករយៈពេល ៩០ថ្ងៃទៅលើការដាក់ពន្ធថ្មីដែលកំពុងតែមានការចាប់អារម្មណ៍។
លោក ជូគៀត បានព្យាករណ៍ថា ការនាំចេញអង្ករនៅក្នុងត្រីមាសទីពីរនឹងមានភាពស្រដៀងគ្នានឹងរយៈពេលបីខែដំបូងនៃឆ្នាំនេះដែរ។
លោក ជូគៀត បាននិយាយថា ប្រទេសថៃជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទីពីររបស់ពិភពលោក ប៉ុន្តែអាចនឹងបាត់បង់តំណែងនេះប្រសិនបើពន្ធខ្ពស់ជាង ១០%។
គណៈប្រតិភូដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពីឆៃ ជុនហាវ៉ាជីរ៉ា (Pichai Chunhavajira) នឹងជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ដើម្បីចរចាបន្ទាបពន្ធ។
កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករចំនួន ៩,៩៤លានតោនដែលមានតម្លៃ ២២៥,៦៥ពាន់លានបាត (៦,៧ពាន់លានដុល្លារអាម៉េរិក) ដោយសហរដ្ឋអាមេរិកជាទីផ្សារធំលំដាប់ទីបីរបស់ខ្លួនតាមរយៈបរិមាណការបញ្ជាទិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





