សិង្ហបុរីរឹបអូសផលិតផលសុខភាពខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ -- អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) របស់ប្រទសសិង្ហបុរីបាននិយាយថា កាលពីពេលថ្មីៗនេះ ប្រទេសសិង្ហបុរីបានធ្វើការវាយឆ្មក់នៅតំបន់ភាគខាងត្បូងរបស់ខ្លួនដោយរឹបអូសផលិតផលសុខភាពដែលផលិតដោយខុសច្បាប់ និងវត្ថុពាក់ព័ន្ធដែលមានតម្លៃប្រហែល ៥១.០០០ដុល្លារសិង្ហបុរី (ប្រហែល៣៨.៧៦០ដុល្លារអាម៉េរិក)។
ក្នុងអំឡុងពេលនៃការវាយឆ្មក់កាលពីថ្ងៃទី២១ ខែមីនា នៅឯលំនៅដ្ឋានផ្ទះល្វែងមួយ អាជ្ញាធរ HSA បានរឹបអូសឱសថ និងថ្នាំបំប៉នជាង ១៨.០០០មុខសម្រាប់ការពង្រឹងផ្លូវភេទ គ្រឿងបរិក្ខារមួយចំនួន និងឧបករណ៍ប្រើប្រាស់សម្រាប់ផលិតគ្រាប់ថ្នាំ រួមជាមួយនឹងឧបករណ៍បារីអេឡិចត្រូនិចចំនួន៣០ដើម និងសមាសធាតុពាក់ព័ន្ធផ្សេងៗទៀត។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនបានរកឃើញការលក់ផលិតផលដែលផលិតដោយខុសច្បាប់តាមអនឡាញនោះទេ។
នៅក្រោមច្បាប់របស់ប្រទេសសិង្ហបុរី បុគ្គលដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទនាំចូល ផលិត ឬផ្គត់ផ្គង់ផលិតផលសុខភាពខុសច្បាប់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ឬពិន័យជាប្រាក់ចំនួន៥០.០០០ដុល្លារសិង្ហបុរី ឬនឹងត្រូវផ្តន្ទាទោសទាំងពីរ។ អ្នកដែលត្រូវបានកាត់ទោសពីបទនាំចូល ចែកចាយ ឬលក់បារីអេឡិចត្រូនិចដែលត្រូវបានគេស្គាល់ជាទូទៅថា វេបស៍ (Vapes) ត្រូវប្រឈមមុខនឹងការផាកពិន័យចំនួន១០.០០០ដុល្លារអាម៉េរិក ឬដាក់ពន្ធនាគាររយៈពេល ៦ខែសម្រាប់បទល្មើសដំបូងរបស់ពួកគេ។ ទណ្ឌកម្មនេះនឹងត្រូវផ្តន្ទាទោសទ្វេដងសម្រាប់បទល្មើសលើកទីពីរ ឬការប្រព្រឹត្តល្មើសជាបន្តបន្ទាប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





