ថៃ និងកូរ៉េខាងត្បូងរៀបចំកិច្ចចរចារភាពជាដៃគូសេដ្ឋកិច្ចជុំទី៥
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសថៃ និងកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមកិច្ចចរចាលើកទី៥ សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទ្វេភាគី (EPA) ខណៈដែលភាគីទាំងពីរស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី២២ ខែមេសាថា ជុំចុងក្រោយនៃកិច្ចពិភាក្សាសម្រាប់កិច្ចព្រមព្រៀង EPA ត្រូវបានកំណត់ឱ្យដំណើរការរយៈពេល ៤ថ្ងៃនៅទីក្រុងបាងកក។ ភាគីទាំងពីរគ្រោងនឹងផ្តោតសំខាន់ទៅលើការធ្វើឱ្យមានវឌ្ឍនភាពក្នុងវិស័យចំនួន១៣ ដែលគ្របដណ្តប់ទៅលើទំនិញ សេវាកម្ម និងការវិនិយោគ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចព្រមព្រៀង EPA មានគោលបំណងបង្កើតបណ្តាញពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសជាដៃគូលើសពីការបើកទីផ្សារសាមញ្ញ បើទោះបីជាវាគ្របដណ្តប់វិសាលភាពតូចជាងបើប្រៀបធៀបជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបែបប្រពៃណីក៏ដោយ។
លោក រ៉ូ គឹនគី (Roh Keon-ki) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការងារឱ្យបានយ៉ាងឆាប់រហ័សសម្រាប់កិច្ចព្រមព្រៀង EPA ជាមួយប្រទេសថៃដែលជាប្រទេសសេដ្ឋកិច្ចធំទីពីរក្នុងចំណោមសមាជិកអាស៊ាន និងជាទីផ្សារដ៏លេចធ្លោមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។
លោកបាននិយាយបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីបម្រើជាសំណាញ់សុវត្ថិភាពដ៏រឹងមាំសម្រាប់ការនាំចេញរបស់កូរ៉េខាងត្បូង ចំពេលដែលបរិយាកាសពាណិជ្ជកម្មពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារពន្ធគយរបស់សហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





