អាហ្វហ្គានីស្ថានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងដោយផ្តោតលើកុមារជាង ១១លាននាក់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងសុខាភិបាលសាធារណៈរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសកាលពីថ្ងៃចន្ទ ដើម្បីផ្តល់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងដល់កុមារចំនួន ១១,៦លាននាក់ដែលមានអាយុក្រោម ៥ឆ្នាំ ។
លោក សារ៉ាហ្វាត ហ្សាម៉ាន់ អាម៉ារខីល (Sharafat Zaman Amarkhil) អ្នកនាំពាក្យក្រសួងបាននិយាយថា ដោយដំណើរការពីមួយកន្លែងទៅមួយកន្លែងពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ យុទ្ធនាការនេះនឹងផ្តល់ថ្នាំប្រឆាំងជំងឺស្វិតដៃជើងដល់កុមារនៅទូទាំងប្រទេស ដោយលោកបានបន្ថែមថាកម្រិតបន្ថែមនៃវីតាមីន A ក៏នឹងត្រូវផ្តល់ដល់កុមារអាយុក្រោម ៥ឆ្នាំផងដែរ។
លោក អាម៉ារខីល បានជំរុញឱ្យក្រុមព្រឹទ្ធាចារ្យកុលសម្ព័ន្ធ អ្នកប្រាជ្ញសាសនា និងអ្នកស្រុកចូលរួមយ៉ាងសកម្ម និងសហការយ៉ាងពេញលេញដើម្បីអនុវត្តន៍យុទ្ធនាការឱ្យបានត្រឹមត្រូវ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





