អនុប្រធានចិនជួបជាមួយរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីចិនលោក ហាន់ ហ្សេង (Han Zheng) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ស៊ូជីអូណូ (Sugiono) នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។
លោក ហាន់ បាននិយាយថា កាលពីឆ្នាំមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានឈានដល់ការឯកភាពគ្នាដ៏សំខាន់មួយលើការកសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី ជាមួយនឹងអនាគតរួមគ្នាដែលមានឥទ្ធិពលក្នុងតំបន់ និងពិភពលោក ដោយភាគទាំងពីរបានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក ហាន់ បានបន្ដថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ីដើម្បីប្រកាន់ខ្ជាប់នូវការណែនាំរបស់ប្រមុខរដ្ឋទាំងពីរពង្រឹងការតម្រឹមយុទ្ធសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីលើកកម្ពស់សហគមន៍ចិន-ឥណ្ឌូណេស៊ី ជាមួយនឹងអនាគតរួមគ្នា ដើម្បីឈានទៅដល់កម្ពស់ថ្មីជាបន្តបន្ទាប់ និងចូលរួមចំណែកកាន់តែច្រើនក្នុងដំណើរការទំនើបភាវូបនីយកម្មនៃប្រទេសទាំងពីរ ក៏ដូចជាភាពរុងរឿង និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោក ស៊ូជីអូណូ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីមានឆន្ទៈក្នុងការយកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកការពារពហុភាគីនិយមយ៉ាងរឹងមាំ រួមគ្នាដោះស្រាយបញ្ហាប្រឈម និងហានិភ័យ និងជំរុញការអភិវឌ្ឍកាន់តែខ្លាំងនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





