មនុស្ស ៣នាក់ទទួលបានឱកាសរស់រានមានជីវិតថ្មីបន្ទាប់ពីទទួលបានការបរិច្ចាគសរីរាង្គនៅទីក្រុងសូហ្វីយ៉ា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលវេជ្ជសាស្ត្របាននិយាយថា មនុស្សចំនួន ៣នាក់ទទួលបានឱកាសសម្រាប់រស់រានមានជីវិតថ្មីបន្ទាប់ពីសាច់ញាតិរបស់ស្ត្រីអាយុ ៦៦ឆ្នាំម្នាក់បានសម្រេចចិត្តបរិច្ចាគសរីរាង្គរបស់នាងកាលពីថ្ងៃព្រហស្បតិ៍ នៅឯមន្ទីរពេទ្យ Tsaritsa Yoanna – សាកលវិទ្យាល័យពេទ្យ ISUL ក្នុងទីក្រុងសូហ្វីយ៉ា។
ជាលទ្ធផល បុរសអាយុ ៣៦ឆ្នាំម្នាក់ទទួលបានឱកាសសម្រាប់ការរស់រានមានជីវិតជាថ្មីបន្ទាប់ពីក្រុមវេជ្ជបណ្ឌិតមកពីបណ្ឌិតសភាពេទ្យយោធាដឹកនាំដោយសហការីសាស្រ្តាចារ្យ វាស៊ីល មីហេយឡូវ (Vasil Mihaylov) បានធ្វើការវះកាត់ប្តូរថ្លើមប្រកបដោយជោគជ័យ។
នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Lozenets ក្រុមវេជ្ជបណ្ឌិតមកពីគ្លីនិកUrology ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត បូរីល ផេត្រូវ (Boril Petrov)បានធ្វើការប្តូរក្រលៀនចំនួនពីរដល់បុរសជាអ្នកជំងឺ ២នាក់ដែលមានអាយុ៤៤ឆ្នាំម្នាក់ និង ៥៨ឆ្នាំម្នាក់។
យោងតាមព័ត៌មានពីមន្ទីរពេទ្យបានឱ្យដឹងថា អ្នកជំងឺមានស្ថានភាពទូទៅល្អ ហើយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។
កែវភ្នែក ស្បែក និងជាលិកាឆ្អឹងក៏ត្រូវបានបរិច្ចាគផងដែរ ហើយនឹងត្រូវប្តូរទៅឱ្យអ្នកជំងឺផ្សេងទៀតដែលត្រូវការជំនួយ ដើម្បីបង្កើនគុណភាពជីវិតរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





