ចិនដាក់ទណ្ឌកម្មទៅលើសមាជិកសភា មន្ត្រី និងប្រធានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរបស់អាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើសមាជិកសភា មន្ត្រី និងប្រធានអង្គការមិនមែនរដ្ឋាភិបាល (NGOs) របស់សហរដ្ឋអាមេរិក ចំពោះអាកប្បកិរិយាដ៏អាក្រក់ពាក់ព័ន្ធបញ្ហាដែលទាក់ទងនឹងហុងកុង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «ហុងកុង គឺជាហុងកុងរបស់ចិន ហើយកិច្ចការហុងកុងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីសហរដ្ឋអាមេរិកទេ។រាល់សកម្មភាពខុសឆ្គងដែលធ្វើឡើងដោយសហរដ្ឋអាមេរិកចំពោះបញ្ហាដែលទាក់ទងនឹងហុងកុងនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដោយប្រទេសចិនជាមួយនឹងវិធានការតបស្នង»។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន ៦នាក់កាលពីដើមខែនេះ ដោយលើកឡើងពីការគាបសង្កត់ឆ្លងដែន និងការលុបបំបាត់ស្វ័យភាពរបស់ហុងកុងបន្ថែមទៀត។
សហរដ្ឋអាមេរិកបានចោទប្រកាន់មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង និងហុងកុងថាបានប្រើប្រាស់ច្បាប់សន្តិសុខជាតិហុងកុងក្រៅទឹកដី ដើម្បីបំភិតបំភ័យ បំបិទមាត់ និងរំលោភបំពានទៅលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩នាក់ ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនទៅក្រៅប្រទេស ដែលរួមមានទាំងពលរដ្ឋអាម៉េរិកម្នាក់ និងប្រជាជនអាម៉េរិក ៤នាក់ផ្សេងទៀត។
ចំណាត់ការចុងក្រោយរបស់ប្រទេសចិននេះ គឺជាការបន្ថែមទៅលើសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើនឡើងរួចទៅហើយរវាងប្រទេសសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





