អ៊ីស្រាអែលនឹងមិនបញ្ចប់សង្គ្រាមនៅហ្កាហ្សាឡើយ ដរាបណាចំណាប់ខ្មាំងទាំងអស់មិនទាន់វិលត្រឡប់មកវិញ ហើយក្រុមហាម៉ាស់មិនទាន់ត្រូវបានបំផ្លាញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីសប្តាហ៍មុនថា ចលនាប៉ាឡេស្ទីនក្រុមហាម៉ាស់ បានច្រានចោលម្តងទៀតនូវកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងមួយចំនួន ហើយបានសង្កត់ធ្ងន់ក្នុងរឿងនេះថា អ៊ីស្រាអែលនឹងមិនបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីបឡើយ ដរាបណាវានៅតែមិនទាន់សម្រេចបានមកវិញនូវអ្នកដែលត្រូវបានចាប់ខ្លួន និងកម្ចាត់ចោលទាំងស្រុងនូវសក្តានុពលរបស់ក្រុមហាម៉ាស់។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិថា «យើងនឹងមិនបញ្ចប់សង្រ្គាមឡើយ រហូតទាល់តែយើងបំផ្លាញក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងរហូតដល់យើងទទួលបានចំណាប់ខ្មាំងរបស់យើងទាំងអស់មកវិញ ហើយរហូតដល់យើងធានាបានថា តំបន់ហ្គាហ្សាស្ទ្រីបលែងបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត»។
លោកនាយករដ្ឋមន្ត្រីរូបនោះបាននិយាយកាលពីចុងសប្តាហ៍មុនថា ពួកក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនបានច្រានចោលម្តងទៀតនូវសំណើដែលនឹងនាំទៅដល់ការដោះលែងចំណាប់ខ្មាំងចំនួនពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅមានជីវិតនៅតំបន់ហ្គាហ្សា និងការបញ្ជូនត្រឡប់មកវិញនូវសាកសពចំណាប់ខ្មាំងដែលបានស្លាប់មួយចំនួន។
លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់ថា «ក្រុមចលនាហាម៉ាស់ទាមទារឱ្យបញ្ចប់សង្រ្គាម និងរក្សាអំណាចរបស់ខ្លួន។ វាក៏ទាមទារឱ្យមានការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា និងការស្ដារឡើងវិញនូវតំបន់ហ្គាហ្សាផងដែរ។ ប៉ុន្តែការបញ្ចប់សង្រ្គាមទៅលើលក្ខខណ្ឌនៃការចុះញមទាំងនេះ នឹងធ្វើឱ្យមានភាពកាន់តែច្បាស់ដល់សត្រូវទាំងអស់របស់អ៊ីស្រាអែលថា ដោយសារការចាប់ជនជាតិអ៊ីស្រាអែលជាចំណាប់ខ្មាំង នឹងអាចធ្វើឱ្យរដ្ឋអ៊ីស្រាអែលចុះចាញ់បាន»។
កាលពីថ្ងៃទី១៨ ខែមីនា អ៊ីស្រាអែលបានបន្តការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយលើកឡើងពីការបដិសេធរបស់ក្រុមហាម៉ាស់ក្នុងការទទួលយកផែនការរបស់សហរដ្ឋអាមេរិកក្នុងការបន្តបទឈប់បាញ់ដែលបានផុតកំណត់នៅថ្ងៃទី០១ ខែមីនា។ អ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីដល់រោងចក្រផលិតទឹកនៅតំបន់ហ្គាហ្សាស្ទ្រីប និងបានបិទច្រកចូលសម្រាប់រថយន្តដឹកជំនួយមនុស្សធម៌៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





