រុស្ស៊ី និងចិន នឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីការធានាចំពោះកិច្ចព្រមព្រៀងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- សមាជិកសភាអ៊ីរ៉ង់លោក Alaeddin Boroujerdi បាននិយាយនៅមុនកិច្ចចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងរ៉ូមថា សហរដ្ឋអាមេរិកនឹងមិនមែនជាប្រទេសតែមួយគត់ដែលផ្តល់ការធានាសម្រាប់កិច្ចព្រមព្រៀងទីក្រុងតេអេរ៉ង់-វ៉ាស៊ីនតោនដែលមានសក្តានុពលលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ។
លោក អាឡេដឌីន បូរូជើឌី (Alaeddin Boroujerdi) សមាជិកនៃគណៈកម្មាធិការសភាអ៊ីរ៉ង់ ទទួលបន្ទុកសន្តិសុខជាតិ និងគោលនយោបាយការបរទេស បាននិយាយថា ប្រទេសរុស្ស៊ី និងចិន នឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីបញ្ហានៃការធានាដែលអាចទុកចិត្តបានបន្ថែមទៀតសម្រាប់ទីក្រុងតេអេរ៉ង់។
លោក បូរូជើឌី បាននិយាយដូចដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ SNN ថា «ក្នុងអំឡុងពេលនៃកិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ការធានានឹងមិនត្រឹមតែត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសផ្សេងទៀតដូចជារុស្ស៊ី និងចិន ក៏នឹងចូលទៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកចំពោះការធានាដែលគួរឱ្យទុកចិត្តបន្ថែមទៀតផងដែរ»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នឹងទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី អ្នកការទូតអ៊ីរ៉ង់រូបនោះបានជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយបានបញ្ជូនសារទៅកាន់លោក ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei)។ លោក អារ៉ាកជី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ផងដែរ។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាស្ថានភាពជុំវិញកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជុំទីមួយបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា នៅប្រទេសអូម៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





