លោក ដូណាល់ ត្រាំ ជឿជាក់ថា ជម្លោះនៅអ៊ុយក្រែននឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជឿជាក់ថា ដំណោះស្រាយមួយគឺខិតជិតមកដល់ហើយសម្រាប់ដំណើរការឈានទៅដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន និងការដោះស្រាយជម្លោះ។
លោកបានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានដោយសំអាងទៅលើបទឈប់បាញ់ និងដំណោះស្រាយនោះថា «យើងនឹងបានឃើញថាតើយើងអាចធ្វើវាបានដែរឬទេ»។ លោក ត្រាំ បាននិយាយបន្ថែមថា «ខ្ញុំគិតថា យើងពិតជាមានឱកាសដ៏ល្អក្នុងការធ្វើវា។ ហើយវាកំពុងឈានដល់ដំណាក់កាលល្អមួយហើយនាពេលឥឡូវនេះ»។ នៅពេលសួរថា តើរុស្ស៊ីកំពុងព្យាយាមបន្លំសហរដ្ឋអាមេរិកចេញពីដំណោះស្រាយឬអត់នោះ លោកប្រធានាធិបតីអាម៉េរិកបាននិយាយថា «គ្មាននរណាម្នាក់កំពុងលេងជាមួយនរណាម្នាក់នោះទេ»។ លោកបានបន្ថែមថា »ទេ! គ្មានអ្នកណាលេងជាមួយខ្ញុំទេ។ ខ្ញុំកំពុងព្យាយាមជួយ»។
លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកមានបទពិសោធន៍ច្រើនក្នុងកិច្ចចរចា។ លោកបានសង្កត់ធ្ងន់ថា «ខ្ញុំដឹងនៅពេលដែលមាននរណាម្នាក់លេងជាមួយយើង ហើយខ្ញុំក៏ដឹងនៅពេលដែលពួកគេមិនបានលេងអ្វីជាមួយយើង។ ខ្ញុំត្រូវតែឃើញនូវការសាទរដើម្បីចង់បញ្ចប់វា ហើយខ្ញុំគិតថា ខ្ញុំនឹងឃើញភាពរីករាយនោះ។ ខ្ញុំគិតថាខ្ញុំឃើញវាពីភាគីទាំងពីរ ប៉ុន្តែអ្នកនឹងដឹងច្បាស់ក្នុងពេលឆាប់ៗនេះ»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ភាគីរុស្ស៊ីកំពុងស្វែងរកការដោះស្រាយជម្លោះនៅអ៊ុយក្រែន និងធានាបាននូវផលប្រយោជន៍ផ្ទាល់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





