ភ្នំភ្លើងម៉ារ៉ាពីនៅឥណ្ឌូណេស៊ីផ្ទុះផេះកម្ពស់ ១.០០០ម៉ែត្រឡើងទៅលើមេឃ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- ភ្នំភ្លើងម៉ារ៉ាពី (Marapi) ស្ថិតនៅក្នុងតំបន់អាហ្កាម និងតំបន់តាណាហ៍ ដាតារ នៃខេត្តស៊ូម៉ាត្រាខាងលិចនៃប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី១៩ ខែមេសា ដោយបានបញ្ចេញផេះភ្នំភ្លើងរហូតដល់ទៅ ១.០០០ម៉ែត្រឡើងទៅលើមេឃ។
មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) បានរាយការណ៍ថា ការផ្ទុះចេញពីភ្នំភ្លើងដែលមានកម្ពស់ជិត ៣.៩០០ម៉ែត្រនេះ បានបង្កើតជាសកម្មភាពរញ្ជួយមួយជាមួយនឹងទំហំអតិបរមា ៣០,៣មិល្លីម៉ែត្រ និងមានរយៈពេល ៤២វិនាទី។
លោក អាម៉ាដ រីហ្វាន់ឌី (Ahmad Rifandi) មន្ត្រីនៅប៉ុស្តិ៍សង្កេតភ្នំភ្លើងម៉ារ៉ាពី បាននិយាយថា ការផ្ទុះនេះគឺស្របតាមគំរូនៃសកម្មភាពប្រែប្រួលរបស់ភ្នំ។ ភ្នំភ្លើងម៉ារ៉ាពីនៅតែស្ថិតក្នុងស្ថានភាពកម្រិត២ (កម្រិតនៃការព្រមាន)។
យោងតាមមជ្ឈមណ្ឌល PVMBG បានឱ្យដឹងថា ភ្នំភ្លើងនេះបានកត់ត្រានូវការផ្ទុះឡើងចំនួន ៩ដង និងការបំភាយចំនួន ១២៥ដងនៅក្នុងខែមេសា ឆ្នាំ២០២៥។
អាជ្ញាធរបានណែនាំដល់ប្រជាជនក្នុងតំបន់ អ្នកឡើងភ្នំ និងអ្នកទេសចរឱ្យស្នាក់នៅយ៉ាងតិច ៣គីឡូម៉ែត្រពីចំណុចកណ្តាលនៃសកម្មភាពនៅតំបន់កាវ៉ាហ៍ វើប៊ីក។
ប្រជាពលរដ្ឋដែលរស់នៅតាមជ្រលងភ្នំ និងតាមដងទន្លេដែលហូរចេញពីកំពូលភ្នំភ្លើង ត្រូវបានជំរុញឱ្យរក្សាការប្រុងប្រយ័ត្នចំពោះលំហូរកម្អែភ្នំភ្លើង ជាពិសេសក្នុងរដូវវស្សា ហើយត្រូវរក្សាការពាក់ម៉ាស់ការពារមុខក្នុងករណីមានផេះភ្នំភ្លើង។
នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ការផ្ទុះភ្លាមៗបានសម្លាប់អ្នកឡើងភ្នំចំនួន ២៤នាក់ និងជាច្រើននាក់ទៀតរងរបួស។ នៅក្នុងខែឧសភា ឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងគួបផ្សំនឹងផេះភ្នំភ្លើងបានបង្កឱ្យមានការរអិលបាក់ដីដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងតំបន់ជុំវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





