ថៃឃាត់ខ្លួនជនសង្ស័យ ៤នាក់ជុំវិញករណីបាក់អគារខ្ពស់ពេលមានគ្រោះរញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនសំណង់ដែលទទួលខុសត្រូវចំពោះអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលបានដួលរលំនៅនៅពេលមានគ្រោះរញ្ជួយដីកាលពីខែមុន ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។
អគារកម្ពស់ ៣០ជាន់ដែលធ្វើឡើងដើម្បីប្រើប្រាស់ជាការិយាល័យរបស់ភ្នាក់ងាររដ្ឋាភិបាលនោះ គឺជាគម្រោងសាងសង់ដ៏សំខាន់តែមួយគត់ដែលបានដួលរលំនៅទីក្រុងបាងកក ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមីនាកន្លងមក។ អាជ្ញាធរថៃបានរាយការណ៍ថា មនុស្សចំនួន ៤៧នាក់បានស្លាប់នៅក្នុងការដ្ឋានសំណង់ ខណៈដែល ៤៧នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន។
អគារនេះមានទីតាំងនៅជិតផ្សារចាតុចាក់ ដែលជាគម្រោងនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយដែលពាក់ព័ន្ធនឹងក្រុមហ៊ុនវិស្វកម្មផ្លូវដែកចិនលេខ១០ នៃសាជីវកម្មវិស្វកម្មផ្លូវដែកចិន (CREC)។
នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក តាវី សូដសុង (Tawee Sodsong) បាននិយាយថា តុលាការថៃបានចេញដីកាចាប់ខ្លួនបុគ្គលទាំង ៤នាក់មកពីក្រុមហ៊ុនសំណង់។ ការចោទប្រកាន់នោះ រួមមានទាំងការរំលោភច្បាប់ពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានជនជាតិថៃចមនួន ៣នាក់ដែលត្រូវបានគេជឿថាជាអ្នកកាន់ភាគហ៊ុនចំនួន ៥១% នៃក្រុមហ៊ុនសំណង់នោះ។ ទោះជាយ៉ាងណា លោក តាវី បានបញ្ជាក់ថា ភស្តុតាងបង្ហាញថាពួកគេគ្រាន់តែកាន់ភាគហ៊ុនក្នុងនាមជាអ្នកវិនិយោគបរទេសប៉ុណ្ណោះ ដែលវាជាការបំពានច្បាប់ ដែលបានដាក់កំហិតទៅលើកម្មសិទ្ធិបរទេសក្នុងក្រុមហ៊ុនមួយមិនឱ្យលើសពី ៤៩%។
ការស៊ើបអង្កេតចំពោះករណីដួលរលំអគារកំពុងតែបន្ត ដោយអាជ្ញាធរក៏កំពុងស៊ើបអង្កេតចំពោះការក្លែងបន្លំការដេញថ្លៃ និងការប្រើប្រាស់ហត្ថលេខាក្លែងក្លាយរបស់វិស្វករនៅក្នុងកិច្ចសន្យាត្រួតពិនិត្យសំណង់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





