ម៉ាឡេស៊ីហាមប្រាមចំពោះការប្រើប្រាស់ថង់ផ្លាស្ទិកប្រើតែមួយដងនៅកន្លែងសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីនឹងហាមប្រាមចំពោះការប្រើប្រាស់ថង់ផ្លាស្ទិកប្រើតែមួយដងនៅក្នុងតំបន់ឧទ្យានជាតិ ឧទ្យានសមុទ្រ និងតំបន់បេតិកភណ្ឌភូមិសាស្ត្រ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។
សេចក្តីសម្រេចនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថានម៉ាឡេស៊ី លោក នីក ណាហ្សមី នីក អាម៉ាដ (Nik Nazmi Nik Ahmad) បន្ទាប់ពីកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំនេះរវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ ដែលលោកបានធ្វើជាប្រធាននៃកិច្ចប្រជុំនោះ។
ការហាមប្រាមនេះក៏នឹងអនុវត្តផងដែរចំពោះកន្លែងពាណិជ្ជកម្មអចិន្ត្រៃយ៍ ដែលរួមមានទាំងផ្សារទំនើប ហាងលក់ទំនិញងាយស្រួលនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ហាងលក់អាហាររហ័ស ឱសថស្ថាន និងកន្លែងអាជីវកម្មពាក់ព័ន្ធផ្សេងៗទៀត។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះនឹងត្រូវកែសម្រួលទៅតាមសមត្ថភាព និងការត្រៀមខ្លួនរបស់រដ្ឋនីមួយៗ។
លោក នីក ណាហ្សមី បាននិយាយបន្ថែមថា អាជ្ញាធរសហព័ន្ធ និងរដ្ឋ នឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពកែច្នៃកាកសំណល់អេឡិចត្រូនិកខុសច្បាប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





