អ្នកធ្វើការនៅឥណ្ឌូណេស៊ីប្រឈមមុខនឹងការបាត់បង់ការងារដែលអាចកើតមាន ចំពេលដែលមានការគំរាមកំហែងផ្នែកពន្ធរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងវាយតម្លៃអំពីផលប៉ះពាល់នូវសក្តានុពលនៃពន្ធរបស់សហរដ្ឋអាមេរិកទៅលើឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មក្នុងស្រុក ជាពិសេសវិស័យវាយនភណ្ឌ និងកែច្នៃបង្គា។
លោក ម៉ារី អ៊ែលកា ប៉ាងកេសទុ (Mari Elka Pangestu) អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់ឥណ្ឌូណេស៊ី (DEN) បាននិយាយកាលពីពេលថ្មីៗនេះថា វានៅតែមិនទាន់ច្បាស់លាស់អំពីអ្វីដែលនឹងកើតឡើងក្នុងរយៈពេល ៣០ថ្ងៃទៅ ៦០ថ្ងៃខាងមុខ ខណៈដែលកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅតែកំពុងដំណើរការ។
យោងតាមលោក ប៉ាងកេសទុ បានឱ្យដឹងថា រដ្ឋាភិបាលបានបង្កើតគំនិតផ្តួចផ្តើមជាច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃពន្ធ ៣២% របស់សហរដ្ឋអាមេរិកទៅលើការនាំចេញរបស់ឥណ្ឌូណេស៊ី ដែលរួមបញ្ចូលទាំងការបង្កើតក្រុមការងារសម្រាប់ការដោះស្រាយបញ្ហាទាក់ទងនឹងការបញ្ឈប់ការងារជាដើម។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានណែនាំដល់សមាជិកគណៈរដ្ឋមន្ត្រីឱ្យស្វែងរកវិធានការការងារជាបន្ទាន់បន្ទាប់ពីលោក សាអ៊ីដ អ៊ីកបាល (Said Iqbal) ប្រធានសហព័ន្ធសហជីពការងារឥណ្ឌូណេស៊ី (KPSI) បានព្រមានថា អ្នកធ្វើការប្រហែល ៥០.០០០នាក់អាចនឹងបាត់បង់ការងាររបស់ពួកគេដោយសារតែពន្ធថ្មីដែលកំពុងប្រឈមមុខនេះ។
លើសពីនេះទៀត រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏មានគម្រោងសម្រួលបទប្បញ្ញត្តិដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត ដែលរួមមានទាំងវិនិយោគិនរបស់សហរដ្ឋអាមេរិកផងដែរ។
កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញបញ្ជីពន្ធថ្មី និងខ្ពស់ទៅលើផលិតផលពីប្រទេសផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ មួយសប្តាហ៍ក្រោយមក លោកបានប្រកាសពន្យារពេលសម្រាប់ប្រទេសភាគច្រើន ដែលរួមមានទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ និងបានបើកចំហរសម្រាប់កិច្ចចរចា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





