ការបំពេញបណ្ណឌីជីថលចូលប្រទេសថៃត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ -- អាជ្ញាធរថៃបានក្រើនរំលឹកអ្នកទេសចរបរទេសទាំងអស់ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសថៃថា ពួកគេនឹងត្រូវបំពេញប័ណ្ណឌីជីថលចូលទៅក្នុងប្រទេសថៃយ៉ាងហោចណាស់ ៣ថ្ងៃមុនពេលធ្វើដំណើរ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែមេសា សម្រាប់ការទៅដល់នៅថ្ងៃទី០១ ខែឧសភា។
លោក អានុគូល ព្រុកសានុសាក់ (Anukool Pruksanusak) អ្នកនាំពាក្យរងនៃទីស្តីការនាយករដ្ឋមន្ត្រីថៃបាននិយាយថា ការិយាល័យអន្តោប្រវេសន៍កំពុងដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលសម្រាប់ជនបរទេសដែលចូល ឬចេញពីប្រទេសថៃ ដែលហៅថា បណ្ណទៅដល់ឌីជីថលថៃ (TDAC)។
អ្នកដំណើរបរទេសទាំងអស់ដែលចូលទៅក្នុងប្រទេសមួយនេះតាមផ្លូវគោក សមុទ្រ ឬតាមផ្លូវអាកាស ត្រូវចុះឈ្មោះតាមអ៊ីនធឺណិតតាមរយៈតំណភ្ជាប់ http://tdac.immigration.go.th ជាមួយនឹងកំណែកម្មវិធីដែលនឹងចេញផ្សាយនាពេលអនាគត។
ព័ត៌មានចាំបាច់ដែលត្រូវបំពេញរួមមាន ឯកសារធ្វើដំណើរ ព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន ទិន្នន័យផ្ទាល់ខ្លួន ផែនការធ្វើដំណើរ កន្លែងស្នាក់នៅក្នុងប្រទេសថៃ និងស្ថានភាពសុខភាពដែលបានបញ្ជាក់ដោយក្រសួងសុខាភិបាលសាធារណៈថៃ។
លោក អានុគូល បានសង្កត់ធ្ងន់ថា បណ្ណ TDAC មិនមែនជាទិដ្ឋាការទេ ប៉ុន្តែជាប្រព័ន្ធកាតទៅដល់អនឡាញដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលសម្រាប់ដំណើរការចូល និងអនុលោមតាមស្តង់ដារអន្តរជាតិ។
គេហទំព័រ TDAC គាំទ្រចំនួន ៥ភាសា ដែលរួមមានភាសាអង់គ្លេស ចិន កូរ៉េ រុស្ស៊ី និងជប៉ុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





