អ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារលើក្រុមហាម៉ាស់ និងក្រុមហេសបូឡាហ៍
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប ដោយផ្តោតលើអ្វីដែលខ្លួនបានគិតថាជាក្រុមហាម៉ាស់ និងក្រុមហេសបូឡាហ៍។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡាហ៍នៅភាគខាងត្បូងប្រទេសលីបង់។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថា «កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងប្រតិបត្តិការប្រឆាំងនឹងការប៉ុនប៉ងណាមួយដោយក្រុមហេសបូឡាហ៍ក្នុងការកសាង ឬបង្កើតវត្តមានយោធាឡើងវិញក្រោមការលាក់បាំងរបស់ជនស៊ីវិល»។
ដោយឡែក យោធាអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខក្នុងស្រុក Shin Bet បាននិយាយថា ពួកគេបានធ្វើការវាយប្រហារលើតំបន់ចាបាលៀ នៅភាគខាងជើងតំបន់ហ្គាហ្សា ដោយផ្តោតលើអ្វីដែលពួកគេបានគិតថាជាមជ្ឈមណ្ឌលបញ្ជាការ និងគ្រប់គ្រងរបស់ក្រុមហាម៉ាស់។ យោធាបាននិយាយថា ទីតាំងនេះត្រូវបានប្រើប្រាស់ដើម្បី «រៀបចំផែនការ និងប្រតិបត្តិការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិល និងកងទ័ពអ៊ីស្រាអែល»។
យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា បានឱ្យដឹងថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅតំបន់ហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមសង្រ្គាមក្នុងខែតុលា ឆ្នាំ២០២៣ កើនដល់ ៥១.០៦៥នាក់។
អាជ្ញាធរសុខាភិបាលបានបន្ថែមថា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួនឡើងវិញនៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ និងផ្លាស់ប្តូរអ្នកទោសក្នុងខែមករា មនុស្ស១.៦៩១នាក់ត្រូវបានសម្លាប់ និង៤.៤៦៤នាក់ផ្សេងទៀតបានរងរបួស៕ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





