អេមីរ៉ាតអារ៉ាប់រួម និងកេនយ៉ា ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងសន្តិសុខក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- លោកស្រី ឡាណា នូសសីបេហ៍ (Lana Nusseibeh) ឧបការីរដ្ឋមន្ត្រីកិច្ចការនយោបាយរបស់អេមីរ៉ាត់អារ៉ាប់រួម បានជួបជាមួយលោក មូសាលៀ មូដាវ៉ាឌី (Musalia Mudavadi)លេខាធិការខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាលេខាធិការខុទ្ទកាល័យក្រសួងការបរទេស និងជនភៀសខ្លួនរបស់ប្រទេសកេនយ៉ា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងអេមីរ៉ាត់អារ៉ាប់រួម និងកេនយ៉ា ក៏ដូចជាឱកាសដើម្បីបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យមួយចំនួនផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលបានធ្វើឡើងនៅខាងក្រៅសន្និសីទឡុងដ៍ស៊ូដង់ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសស៊ូដង់ និងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីគាំទ្រដំណោះស្រាយនយោបាយដែរ ដែលភាគីទាំងពីរបានឯកភាពគ្នាទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការស្ថាបនាជាមួយដៃគូអាហ្វ្រិក រួមទាំងសហភាពអាហ្វ្រិក (AU) និងអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍ(IGAD)។ អេមីរ៉ាតអារ៉ាប់រួមបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃតួនាទីរបស់អាហ្វ្រិកក្នុងការដោះស្រាយវិបត្តិក្នុងតំបន់ រួមទាំងប្រទេសស៊ូដង់ និងបានបញ្ជាក់សារជាថ្មីនូវការអំពាវនាវឥតឈប់ឈររបស់ខ្លួនសម្រាប់ដំណោះស្រាយដែលដឹកនាំដោយអាហ្វ្រិក។
លោកស្រី នូសសីបេហ៍ បានសង្កត់ធ្ងន់ថា «អេមីរ៉ាត់អារ៉ាប់រួមបានសង្កត់ធ្ងន់ម្តងទៀតនូវតួនាទីសំខាន់របស់សហភាពអាហ្រ្វិកដើម្បីជួយនាំមកនូវបទឈប់បាញ់គ្នានៅស៊ូដង់រវាងភាគីសង្រ្គាម និងការផ្លាស់ប្តូរទៅជារដ្ឋាភិបាលឯករាជ្យដែលដឹកនាំដោយជនស៊ីវិល»។
លើសពីនេះ លោកស្រីបានលើកឡើងអំពីសារៈសំខាន់នៃការមានស្ថាប័នមួយចំនួន ដូចជាអង្គការសហប្រជាជាតិជាដើម ដែលប្រកាន់គោលជំហររឹងមាំជាងមុនទៅលើការផ្តល់ជំនួយមនុស្សធម៌៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





