បញ្ហាទ្វេភាគី និងបញ្ហាពន្ធ នឹងត្រូវបានពិភាក្សាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ជេឌី វេនស៍
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌា (MEA) លោក រេនហៀ ចៃស្វាល់ (Randhir Jaiswal)បាននិយាយថា បញ្ហាពាក់ព័ន្ធទាំងអស់រវាងឥណ្ឌា និងសហរដ្ឋអាមេរិក នឹងត្រូវបានពិភាក្សាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វេនស៍ (JD Vance) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ដែលត្រូវបានគេរំពឹងថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃការពិភាក្សាអំពីបញ្ហាពន្ធ លោក ចៃស្វាល់ បាននិយាយថា «យើងមានភាពជាដៃគូជាសកលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ នៅពេលដែលអ្នកមានកម្រិតនៃភាពជាដៃគូជាមួយប្រទេសណាមួយ ច្បាស់ណាស់អ្នកនឹងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធទាំងអស់»។
លោកបាននិយាយបន្ថែមថា «ជាការពិតណាស់ ទំនាក់ទំនងរបស់យើងគឺដូចដែលយើងកំពុងធ្វើដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងនៃការចូលរួមទ្វេភាគី ដូច្នេះ បញ្ហាទ្វេភាគីទាំងអស់នឹងត្រូវបានពិភាក្សាហើយយើងមានភាពវិជ្ជមានយ៉ាងខ្លាំងដែលដំណើរទស្សនកិច្ចនេះនឹងផ្តល់នូវការជំរុញបន្ថែមទៀតដល់ទំនាក់ទំនងទ្វេភាគីរបស់យើង»។
លោក ចៃស្វាល់ ក៏បានលើកឡើងពីកិច្ចពិភាក្សាដែលកំពុងបន្តរវាងឥណ្ឌា និងសហរដ្ឋអាមេរិកទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលផងដែរ។ លោកបាននិយាយបន្តថា «យើងកំពុងនិយាយជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអាចធ្វើទៅបាន»។
ដោយចែករំលែកព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់លោក ជេឌី វេនស៍ នោះ លោក ចៃស្វាល់ បាននិយាយថា «យើងបានផ្តល់ឱ្យអ្នកនូវព័ត៌មានទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោក ជេឌី វេនស៍ នៅក្នុងប្រទេសឥណ្ឌា។ ដំណើរទស្សនកិច្ចរបស់លោកត្រូវបានកំណត់ពេលចាប់ពីថ្ងៃទី២១-២៤ ខែមេសា ដោយក្នុងអំឡុងពេលនោះ លោកនឹងជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi)»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





