មេទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការត្រីភាគីប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- មេទ័ពជើងទឹករបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានប្រជុំជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។
នាយឧត្តមនាវីឯក យ៉ាង យ៉ុងម៉ូ (Yang Yong-mo) នៃប្រតិបតិ្តការកងទ័ពជើងទឹកកូរ៉េខាងត្បូង បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀតក្នុងអំឡុងពេលកិច្ចពិភាក្សាជាមួយសមភាគីសហរដ្ឋអាមេរិក និងជប៉ុន គឺឧត្តមនាវីឯក ជែមស៍ គីលប៊ី (James Kilby) និងឧត្តមនាវីឯក អាគីរ៉ា សៃតូ (Akira Saito)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។
លោក យ៉ាង បានសង្កត់ធ្ងន់ថា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបីនេះ ការបង្កហេតុរបស់កូរ៉េខាងជើងគួរតែត្រូវបានរារាំង និងដោះស្រាយប្រកបដោយប្រសិទ្ធភាព ហើយសមត្ថភាពសន្តិសុខដែនសមុទ្រគួរតែត្រូវបានពង្រឹង។
សម្ព័ន្ធមិត្តទាំងបីកំពុងស្វែងរកការពង្រឹងសមត្ថភាពរួមគ្នារបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។
ពួកគេបានធ្វើសមយុទ្ធត្រីភាគីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបែបនេះ រួមទាំងសមយុទ្ធពហុដែន Freedom Edge ផងដែរ។
កាលពីខែមីនា ប្រទេសទាំងបីបានធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគីដែលជាសមយុទ្ធលើកដំបូងដែលធ្វើឡើងនៅក្នុងឆ្នាំនេះ និងចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ត្រឡប់ចូលកាន់តំណែងកាលពីក្នុងខែមករា។
ប្រទេសកូរ៉េខាងជើងបានថ្កោលទោសចំពោះសមយុទ្ធនេះថាជាការបង្កហេតុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





