គណៈប្រតិភូជាន់ខ្ពស់អ៊ុយក្រែនទៅដល់ទីក្រុងប៉ារីសដើម្បីពិភាក្សាជាមួយមន្ត្រីលោកខាងលិច
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- គណៈប្រតិភូជាន់ខ្ពស់មួយរបស់អ៊ុយក្រែន បានទៅដល់រដ្ឋធានីប៉ារីសរបស់ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការពិភាក្សាជាមួយបណ្តាមន្ត្រីរបស់លោកខាងលិច។
ការទៅដល់របស់គណៈប្រតិភូនេះត្រូវបានប្រកាសដោយលោក អេនឌ្រី យើរម៉ាក (Andriy Yermak) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ដែលបានកត់សម្គាល់ថា លោកត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អេនឌ្រី ស៊ីប៊ីហា (Andrii Sybiha) និងរដ្ឋមន្ត្រីការពារជាតិ លោក រូសស្ទែម យូម៉េរ៉ូវ (Rustem Umerov)។
លោក យើរម៉ាក បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថា«ផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ គឺកិច្ចប្រជុំទ្វេភាគី និងពហុភាគីដែលត្រូវបានគ្រោងទុកជាមួយតំណាងប្រទេសមកពីសម្ព័ន្ធនៃឆន្ទៈ និងអាចធានាសន្តិសុខ ដែលរួមមានទាំងប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស»។
លោកបាននិយាយបន្តថា កិច្ចប្រជុំនោះក៏ត្រូវបានគ្រោងទុកផងដែរជាមួយតំណាងសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងស្ថិតនៅទីក្រុងប៉ារីស។
លោកបាននិយាយបន្ថែមថា «យើងកំពុងធ្វើការងារទៅលើបញ្ហាសំខាន់ៗសម្រាប់សន្តិសុខអ៊ុយក្រែន និងអឺរ៉ុប»។
សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា កិច្ចប្រជុំទាំងនោះនឹងក្លាយជាការបន្តកិច្ចពិគ្រោះយោបល់ ស្តីពីការសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ជាពិសេស ភាគីនានានឹងពិភាក្សាអំពីវិធីដើម្បីសម្រេចបានបទឈប់បាញ់គ្នាពេញលេញ និងការចូលរួមរបស់ភាគីយោធាពហុជាតិដើម្បីធានាបាននូវសន្តិភាពប្រកបដោយនិរន្តរភាព ព្រមទាំងការអភិវឌ្ឍបន្ថែមទៀតនៃស្ថាបត្យកម្មសន្តិសុខរបស់អ៊ុយក្រែន និងការធានាសន្តិសុខនៃរដ្ឋរបស់យើង»។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ ធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសបារាំង ជាកន្លែងដែលពួកគេនឹងជួបពិភាក្សាជាមួយសមភាគីអឺរ៉ុប ស្តីពីការជំរុញគោលបំណងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





