ក្រសួងការបរទេសចិនឆ្លើយតបនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកដល់ ២៤៥%
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- ជាការឆ្លើយតបទៅនឹងការអះអាងដែលបានធ្វើឡើងនៅលើគេហទំព័រសេតវិមានរបស់សហរដ្ឋអាមេរិកដែលបាននិយាយថា ការនាំចូលពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងពន្ធរហូតដល់ ២៤៥% ក្រសួងការបរទេសចិនបានជំរុញអ្នកសារព័ត៌មានកាលពីថ្ងៃពុធ ដើម្បីសាកសួរទៅកាន់ភាគីសហរដ្ឋអាមេរិកដើម្បីស្វែងរកចម្លើយ។
ទំព័រព័ត៌មានចុងក្រោយដែលបានចេញផ្សាយនៅលើគេហទំព័រនោះ បាននិយាយថា «ឥឡូវនេះ ប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់ ២៤៥% ទៅលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពសងសឹករបស់ខ្លួន»។
នៅពេលដែលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មានមួយថា តើប្រទេសចិននឹងធ្វើការឆ្លើយតបយ៉ាងណានោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយថា «អ្នកអាចយកតួលេខនេះទៅសួរខាងភាគីសហរដ្ឋអាមេរិកវិញសម្រាប់ចម្លើយ»។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនអំពីពន្ធនេះ លោក លីន បាននិយាយថា សង្រ្គាមពន្ធនេះត្រូវបានផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ហើយប្រទេសចិនបានចាត់វិធានការឆ្លើយតបជាចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ក៏ដូចជាធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិដែលសមហេតុផល និងស្របច្បាប់ទាំងស្រុង។
លោកបានគូសបញ្ជាក់ថា គោលជំហររបស់ចិនតែងតែមានភាពច្បាស់លាស់ ហើយគ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធ និងសង្គ្រាមពាណិជ្ជកម្មទេ។
លោកបាននិយាយថា «ចិនមិនមានឆន្ទៈក្នុងការប្រយុទ្ធ (សង្គ្រាមបែបនេះទេ) ហើយក៏មិនខ្លាចក្នុងការប្រយុទ្ធដែរ»។
លោកបាននិយាយបន្ថែមថា «ប្រសិនបើសហរដ្ឋអាមេរិកចង់ដោះស្រាយបញ្ហាពិតប្រាកដតាមរយៈកិច្ចសន្ទនា និងកិច្ចចរចា វាគួរតែបោះបង់ចោលនូវវិធីសាស្រ្តរបស់ខ្លួនក្នុងការដាក់សម្ពាធខ្លាំង បញ្ឈប់ការគំរាមកំហែង និងការបង្ខូចកេរ្តិ៍ឈ្មោះ ហើយចូលរួមនៅក្នុងកិច្ចសន្ទនាជាមួយភាគីចិន ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





