កូរ៉េខាងត្បូងចង់មានកិច្ចព្រមព្រៀងសំណង់ធំៗនៅអេមីរ៉ាត់អារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ -- គណៈប្រតិភូមន្ត្រីមកពីក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង អ្នកតំណាងក្រុមហ៊ុនធុរកិច្ច និងអ្នកជំនាញផ្នែកសំណង់ បានចេញដំណើរទៅកាន់ទីក្រុងអាប៊ូដាប៊ីកាលពីថ្ងៃពុធ ដើម្បីលើកកម្ពស់សមត្ថភាពសំណង់កម្រិតខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង មុនពេលការដេញថ្លៃសម្រាប់កិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំនៅមជ្ឈិមបូព៌ា។
គណៈប្រតិភូដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន លោក ផាក សាងវូ (Park Sang-woo) នឹងស្នាក់នៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមរហូតដល់ថ្ងៃសៅរ៍ ដើម្បីជួបជាមួយអាជ្ញាធរនៅទីនោះដើម្បីបង្ហាញពីចេតនារបស់ប្រទេសកូរ៉េខាងត្បូងក្នុងការដេញថ្លៃសម្រាប់កិច្ចព្រមព្រៀងសាងសង់ផ្លូវរថភ្លើង ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានរបស់អេមីរ៉ាត់អារ៉ាប់រួម។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប៉ាន់ប្រមាណអំពីតម្លៃសក្តានុពលនៃកិច្ចព្រមព្រៀងនោះដែលមានប្រហែល ៥០ពាន់លានដុល្លារអាម៉េរិក។
គណៈប្រតិភូគ្រោងនឹងជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍(ម៉ោងក្នុងតំបន់) ជាមួយលោក អាម៉េដ ប៊ីន សាអ៊ីដ អាល់ ម៉ាកទូម (Ahmed bin Saeed Al Maktoum) ប្រធានក្រុមហ៊ុនអេមីរ៉ាត់គ្រុប ដែលជាប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលឌូបៃ។
គោលដៅរបស់គណៈប្រតិភូ គឺដើម្បីទទួលបានការបញ្ជាទិញសម្រាប់គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិអាល់ ម៉ាកទូម (Al Maktoum)នៅទីក្រុងឌូបៃ ដែលមានតម្លៃ ៣២ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការ និងកម្រិតសមត្ថភាពនៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ។
គណៈប្រតិភូនោះគ្រោងនឹងបង្ហាញពីការពង្រីកស្ថានីយ៍ចំនួន២ របស់អាកាសយានដ្ឋានអន្តរជាតិអ៊ីនឈិន (Incheon) ដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងអ្នកដំណើរ និងដឹកទំនិញឱ្យបានកាន់តែច្រើន និងបង្ហាញពីរបៀបដែលអាកាសយានដ្ឋានបានក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដែលទទួលស្គាល់ទូទាំងពិភពលោក។ ក្រសួងក៏បានកត់សម្គាល់ផងដែរថាអាជ្ញាធរអាកាសចរណ៍របស់អេមីរ៉ាត់អារ៉ាប់រួម កំពុងពិចារណាលើអ្នកសាងសង់ជនជាតិកូរ៉េខាងត្បូង ដែលជាអំណោយផលមុនពេលដេញថ្លៃសម្រាប់គម្រោងនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





